អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សារវាងមេយោធភូមិភាគទី៤របស់កម្ពុជា ជាមួយមេយោធភូមិភាគទី១ របស់ថៃ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាគោរពបទឈប់បាញ់ មិនបន្ថែមកងទ័ព ឬចល័តទ័ព និងបើមានបញ្ហាផ្សេងៗត្រូវស្នើសំយោបល់ទៅថ្នាក់លើ។ នេះគឺជាការថ្លែងបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្នីសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពជុំវិញកិច្ចចរចាបទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌរវាងកងទ័ពកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា យោធភូមិភាគទី៤របស់កម្ពុជា និងយោធភូមិភាគទី១របស់ថៃ បានជួបពិភាក្សាគ្នានៅវេលាម៉ោង៩ព្រឹក ដោយបានជួបគ្នារយៈពេលជាង១០នាទី នៅទីតាំងភូមិក្បាលស្ពានសង្កាត់ អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកជំទាវឧត្តមសេនីយ៍ឯកបានលើកឡើងថា ភាគីទាំងពីរបានឯកភាពគ្នា ហើយបានគោរពលើបទឈប់បាញ់ ឈប់បង្កើនទ័ព ចៀសវាងការប្រឈមមុខដាក់គ្នា និងបង្កើនភាពតានតឹង, ភ្ជាប់ទំនាក់ទំនងនិងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក បើសិនមានបញ្ហាអ្វីផ្សេងក្រៅពីនេះត្រូវស្នើសុំយោបល់ទៅថ្នាក់លើ។ លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិក៏បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានឯកភាពគ្នា និងបានកំណត់លើកំណត់ហេតុនៃកិច្ចប្រជុំនេះដោយបានចុះហត្ថលេខាផងដែរ។ អីចឹង បើមានបញ្ហាអីកើតឡើងនេះ ភាគីទាំងពីរបើមានបញ្ហាអ្វីផ្តោតលើកិច្ចប្រជុំផ្សេងៗទៀត សូមរុញទៅកិច្ចប្រជុំគណៈកម្មការ GBC»។
លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងកាពារជាតិបានបន្ដថា ចំពោះយោធភូមិភាគទី៤ កម្ពុជា និង យោធភូមិភាគទី២ ថៃ ដែលគ្រោងនឹងប្រជុំ គឺយើងនៅមិនទាន់បានទទួលលទ្ធផលនៃកិច្ចប្រជុំនៅឡើយទេ។ ចំពោះយោធភូមិភាគទី៣របស់កម្ពុជា ជួបប្រជុំជាមួយបញ្ជាការដ្ឋានព្រំដែនច័ន្ទបុរី និងត្រាត ដែលប្រជុំតាមប្រព័ន្ធវីដេអូ Zoom នោះក៏មិនទាន់ទទួលបានរបាយការណ៍ស្ដីពីលទ្ធផលនោះដែរ។
ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកងកម្លាំងប្រទេសទាំងពីរ លោកជំទាវឧត្តមសេនីយ៍ឯកបានបន្ថែមថា ការអនុវត្ដបទឈប់បាញ់នេះគឺដើម្បីធានាថា ការអនុវត្ដបានពេញលេញ ម៉ឺងម៉ាត់នូវអ្វីដែលបានឯកភាពរវាងភាគីទាំងពីរត្រូវបានបង្កើតយន្ដការតាមដានត្រួតពិនិត្យមួយឡើងប្រសិនបើភាគីទាំងពីរឯកភាព នឹងមានការជួបជាមួយក្រុមអនុព័ន្ធយោធាជាមួយប្រទេសនានា ដឹកនាំដោយប្រធានអាស៊ាន ប្រទេសម៉ាឡេស៊ី ដើម្បីឈាននូវការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ក្នុងនោះ មានក្រុមសង្កេតការណ៍ត្រូវបានបង្កើតឡើងដើម្បីផ្ទៀងផ្ទាត់ និងអនុវត្ដន៍បទឈប់បាញ់។ លោកជំទាវឧត្តមសេនីយ៍ឯកបានសង្កត់ធ្ងន់ថា៖ «ប្រទេសទាំងពីរក៏នឹងពិគ្រោះយោបល់ផងដែរជាមួយនឹងប្រទេសដែលជាសមាជិកអាស៊ាន ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសង្កេតការណ៍ក្នុងការប្ដេជ្ញាចិត្ដនៅក្នុងកម្រិតតំបន់លើការគាំទ្រដល់សន្ដិភាពនៅលើដីជាក់ស្ដែង»៕



























