Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ជនភៀសសឹកកម្ពុជាកើនជាង១៦ម៉ឺននាក់ នៅខេត្តចំនួន៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

លោកជំទាវឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ចំនួនជនភៀសសឹកក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ មានការកើនឡើងសរុបជាង១៦ម៉ឺននាក់ នៅក្នុងខេត្ដចំនួន៥។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃការអនុវត្ដបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា ជនភៀសសឹកកម្ពុជាដែលគិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គិតត្រឹមម៉ោង៦ល្ងាច ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ មានចំនួនសរុប ១៦៨ ៩៤៦ នាក់ ក្នុងនោះ រួមមានខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាបចំនួន។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជាជាមួយកងទ័ពថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះបានបណ្តាលឱ្យយោធិនកម្ពុជាមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារធ្វើជាជនភៀសសឹក និងមិនអាចប្រកបរបរចិញ្ចឹមជីវិតបាន។ លោកជំទាវឧត្តមសេនីយ៍ឯកបានបន្ដថា សម្រាប់យោធិនកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការរាជរដ្ឋាភិបាល បានកំពុងតែរៀបចំកញ្ចប់គោលនយោបាយ សម្រាប់គ្រួសារយោធិនពលី យោធិនរបួស និងពិការ ដោយសម្តេចបវរធិបតីនាយករដ្ឋមន្រ្ដីបានចាត់ឱ្យក្រសួងការពារជាតិ និងក្រសួងពាក់ព័ន្ធធ្វើការសិក្សាគោលនយោបាយលើកទឹកចិត្ត ពិសេសទាំងកងកម្លាំងប្រដាប់អាវុធ ទាំងយោធា ទាំងនគរបាល ដែលបានចូលរួមដោយផ្ទាល់ នៅសមរភូមិនាពេលនេះ។ ចំពោះយោធិនដែលពលី ឬរបួស ហើយមិនអាចបន្តបំពេញភារកិច្ចបាន រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាត្តិ បង្កើតរបស់គាត់មួយរូបក្នុងអង្គភាពរបស់គាត់ដែលគាត់ពលី ឬធ្លាក់ខ្លួនពិការ។

លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ទៀតថា សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។ ជាមួយគ្នានេះ ដើម្បីចលនាការចូលរួមបន្ថែមសម្តេចបវរធិបតីនាយករដ្ឋមន្រ្ដីក៏សូមអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ៕

អត្ថបទពាក់ព័ន្ធ