Connect with us

ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជា-ថៃ បញ្ចប់កិច្ចប្រជុំ GBC វិសាមញ្ញដោយជោគជ័យ និងឯកភាពគ្នាលើបទឈប់បាញ់

Published

on

ភ្នំពេញ — ក្រសួងការពារជាតិកម្ពុជា បានប្រកាស​នៅ​រសៀល​ថ្ងៃទី៧ សីហា នេះថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ នៅប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តិទៅដោយផ្លែផ្កា និង​ជោគជ័យ។

បើតាម​ក្រសួងការពារជាតិ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការឯកភាពគ្នាទៅលើចំណុចសំខាន់ៗជាច្រើន។

ភ្លាមៗតាមរយៈបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏​បានបង្ហោះសារ​ដោយសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

សម្តេចថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងសម្តេច និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។

ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។

ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។

បើតាមសម្តេចនាយករដ្ឋមន្រ្តី កម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ