Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកនាំពាក្យកងរាជអាវុធហត្ថបញ្ជាក់ថា ករណីចោទប្រកាន់មេបញ្ជាការរងខេត្តសៀមរាបប្រើអំពើហិង្សា កំពុងត្រួតពិនិត្យ

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រើអំពើហិង្សាលើស្ត្រីម្នាក់នៅក្នុងបន្ទប់ខារ៉ាអូខេ

ភ្នំពេញ — អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានថ្លែងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥ ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប លោក ចាន់ ឃុង ដែលត្រូវបានចោទប្រកាន់ថាបានប្រើអំពើហិង្សាលើស្ត្រីនៅខារ៉ាអូខេ កំពុងត្រូវបានមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ត្រួតពិនិត្យ និងសុំគោលការណ៍ដើម្បីចាត់វិធានការបន្ត។

ករណីនេះបានកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែងនៅបឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាន បុរសមួយក្រុម រួមទាំងលោក ចាន់ ឃុង បានចូលទៅផឹកស៊ី និងច្រៀងនៅបន្ទប់លេខ ៦៦៦៦។ ក្រោយពីស្រវឹង ពួកគេបានបង្កការខូចខាតដោយបំបែកកញ្ចក់តុចំនួន ៣។

នៅពេលគិតលុយ សរុបជាង ១.០០០ ដុល្លារ រួមទាំងថ្លៃបែកកញ្ចក់ចំនួន ៤៥០ ដុល្លារ ភ្ញៀវម្នាក់ដែលគេសង្ស័យថាជាមេក្រុម បានទះកំផ្លៀងមេការជាច្រើនដៃ ហើយដើរចេញទៅដោយធ្វើព្រងើយកន្តើយ។

តាមការស្រាវជ្រាវលើអត្តសញ្ញាណម្ចាស់គណនីធនាគារដែលបានទូទាត់ប្រាក់ គឺមានឈ្មោះ ចាន់ ឃុង។ ចំណែកម្ចាស់រថយន្ត Lexus 570 ពណ៌ខ្មៅ ស្លាកលេខ AN-1211 ភ្នំពេញ និងរថយន្ត Range Rover ពណ៌ខ្មៅ ស្លាកលេខ 2BH-1211 ភ្នំពេញ ត្រូវបានស្គាល់ថាឈ្មោះ ចាន់ ហាក់។

ទោះជាយ៉ាងនេះក្តី លោក ចាន់ ឃុង បានបំភ្លឺថា លោកមិនបានប្រើអំពើហិង្សាលើស្ត្រីនោះទេ គឺមិត្តភក្តិរបស់លោកម្នាក់ទៀតដែលស្រវឹង។ ពេលនេះ ពួកគេកំពុងសម្របសម្រួលជាមួយជនរងគ្រោះ។ ជនរងគ្រោះកំពុងរៀបចំដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋជាច្រើនកំពុងតាមដានករណីនេះ ហើយសង្ឃឹមថា នឹងមានយុត្តិធម៌សម្រាប់ស្ត្រីរងគ្រោះ។ ប្រសិនបើករណីនេះត្រូវបញ្ចប់ដោយការសម្របសម្រួល នោះវានឹងក្លាយជាឧទាហរណ៍មួយទៀតនៃការបណ្តោយឱ្យស្ត្រីទទួលរងនូវការឈឺចាប់ដោយគ្មានដំណោះស្រាយផ្លូវច្បាប់៕

អត្ថបទពាក់ព័ន្ធ