គណៈសង្ឃនាយកទាំងពីរគណៈ បានរៀបចំពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាពនៃប្រទេសទាំងពីរ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។
ពិធីនេះមានការយាងពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងនិមន្តពីសំណាក់សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះមេគណ និងព្រះរាជាគណៈតាមឋានានុក្រម ព្រះមន្ត្រីសង្ឃសរុបចំនួន ២៥៦៩អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីជាច្រើននាក់ផងដែរ។
ពិធីធម្មយាត្រាសន្តិភាពនេះបានចាប់ផ្តើមដង្ហែចាប់ពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចបន្តដង្ហែ ក្បួនធម្មយាត្រានេះ ឆ្ពោះទៅកាន់វិមានឯករាជ្យ។
គោលបំណងសំខាន់ៗចំនួន៣ ដែលប្រារព្ធពិធីធម្មយាត្រានាឱកាសនេះ គឺ៖
– សុំបិណ្ឌបាត្រឲ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ
– សុំបិណ្ឌបាត្រភាគីថៃ ក្នុងនាមជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ឲ្យមានការដោះលែង កងទ័ពខ្មែរចំនួន១៨រូប ដែលត្រូវបានចាប់ជាចំណាត់ខ្មាំង
– សុំបិណ្ឌបាត្រដល់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ រក្សាសន្តិភាព ស្ថេរភាពសម្រាប់ប្រជាជាតិនៃប្រទេស ទាំងពីរជានិរន្តរ៍

–
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេមានព្រះរាជឱង្ការថា ព្រះរាជាណាចក្រកម្ពុជា ពិតជាត្រូវការសន្តិភាព ស្ថេរភាព សុវត្ថិភាព និងការការពារសន្តិភាព ព្រោះសន្តិភាពគឺជាឬសគល់នៃការអភិវឌ្ឍន៍។
ដោយមើលឃើញអំពីសារៈសំខាន់នៃសន្តិភាពយ៉ាងនេះហើយ គណៈសង្ឃនាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា បានបិណ្ឌបាត្រឲ្យមានការគោរពបទឈប់បាញ់ កម្ពុជា-ថៃ ព្រមទាំងបញ្ឈប់ការប្រើប្រាស់ គ្រប់វិធីសាស្ត្រផ្សេងៗ ដែលបង្កឲ្យមានអរិភាពនឹងគ្នា និងសូមបិណ្ឌបាត្រភាគីថៃ ឲ្យដោះលែងកងទ័ពកម្ពុជាចំនួន ១៨រូប ដែលបានចាប់ជាចំណាត់ខ្មាំង ក្នុងនាមប្រទេសទាំងពីរជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា និងដើម្បីជាប្រយោជន៍ដ៏ឧត្តុងឧត្តមសម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជុំដល់ប្រជាជាតិខ្មែរ និងសកលលោក ទាំងមូលផងដែរ។
មុខនឹងបញ្ចប់ ធម្មយាត្រាសន្តិភាពនាឱកាសនេះ គណៈសង្ឃនាយកទាំងពីរគណៈ បានបួងសួងឲ្យ សន្តិភាព កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមឲ្យបទឈប់បាញ់មាននិរន្តភាពជារៀងរហូតទៅ៕

























