លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ មានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពសៀមចំនួន ១.៥៤៩គ្រាប់។
សូមបញ្ជាក់ថា នៅថ្ងៃនេះ នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានដឹកនាំប្រតិភូយោធាចំនួន ១៤រូប តំណាងមកពីប្រទេសចំនួន ៩ ចុះត្រួតពិនិត្យគ្រាប់បែក MK-84 ដែលមិនទាន់ផ្ទុះមួយគ្រាប់ ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការបង្ហាញនេះធ្វើឡើងដើម្បីបង្ហាញពីកេរដំណែលសង្គ្រាមដែលកម្ពុជានៅតែបន្តរងផលប៉ះពាល់។
តាមរយៈបណ្ដាញសង្គមផ្លូវការ នាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក ហេង រតនា បានលេីកឡេីងថា នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំង និងគ្រាប់បែកMK-84នោះជាក់ស្តែង។

–
គ្រាប់បែក MK-84នេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦។
សូមបញ្ជាក់ថា នៅចំនុចទីតាំងតែមួយនេះ ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់ ហេីយផ្ទុះចំនួន៤គ្រាប់ រីឯ៦គ្រាប់មិនផ្ទុះដោយរួមទាំងគ្រាប់បែក MK-84 ដែលបានឃេីញនេះផងដែរ។
លោកអគ្គនាយក គូសបញ្ជាក់ថា អង្គភាព CMAC កំពុងដំណេីរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លេីងធំគ្រប់ប្រភេទ ដេីម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ”៕


























