Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា ៖ ការរៀបចំ​អនុវត្ត​វិធានការផ្លូវ​ច្បាប់ក្នុងស្រុករបស់ថៃ ចំពោះថ្នាក់ដឹកនាំកម្ពុជា គឺជា​ការ​រំលោភ​អធិបតេយ្យភាព ដែលមាន​ចែង​ក្នុង​ធម្មនុញ្ញអង្គការសហប្រជាជាតិ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែង “ក្តីព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការប្រកាសរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិធម៌ វេចាយ៉ាជ័យ (Phumtham Wechayachai) ទាក់ទងនឹងការត្រៀមអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ថៃ ប្រឆាំងនឹងថ្នាក់ដឹកនាំកម្ពុជា។

ក្រសួងការបរទេស​កម្ពុជា លើកឡើងថា ចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើ អធិបតេយ្យភាព និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែម ទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង។ លើសពីនេះទៀត ប្រការនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក សម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាព និងប្រក្រតីភាពរវាងប្រទេស ទាំងពីរ។

សកម្មភាពផ្លូវច្បាប់ដែលបានគ្រោងទុកនឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំងអស់ ក្នុងការ ស្តារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់ បាញ់ដែលបានព្រមព្រៀងដោយកម្ពុជា និងថៃ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលជាលក្ខខណ្ឌ និងជាជំហានឆ្ពោះទៅរកការបន្ថយភាពតានតឹងនៃស្ថានការណ៍ដែលបានព្រមព្រៀងគ្នា និងការចុះ ហត្ថលេខាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងមក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និង ការស្តារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញនាពេលដ៏ខ្លីបំផុតខាងមុខនេះ៕

អត្ថបទពាក់ព័ន្ធ