Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អភិបាល​ខេត្ត​បន្ទាយ​មានជ័យ អំពាវនាវ​ដល់​ភាគី​ថៃឱ្យ​គោរព​កិច្ច​ព្រម​ព្រៀង​ព្រំដែន ខណៈថៃគ្រោងរុះរើលំនៅឋានពលរដ្ឋខ្មែរ ១៧០ខ្នង

អភិបាលខេត្តបន្ទាយមានជ័យបានស្នើទៅអភិបាលខេត្តស្រះកែវឲ្យគោរពកិច្ចព្រមព្រៀងព្រំដែន និងបញ្ឈប់ការទាមទារលើទឹកដីកម្ពុជា ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ១៧០ គ្រួសារ ក្នុងស្រុកអូរជ្រៅ។ លោកបានបញ្ជាក់ថា បញ្ហានេះជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលត្រូវដោះស្រាយដោយសន្តិវិធី។

បន្ទាយមានជ័យ — លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​អំពាវនាវ​ដល់​អភិបាល​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ឲ្យ​គោរព​កិច្ច​ព្រម​ព្រៀង​ព្រំដែន​ដែល​មាន​ស្រាប់ និង​បញ្ឈប់​សកម្មភាព​ឯកតោភាគី​ណា​មួយ ដែល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​តាម​រយៈ​លិខិត​ចុះ​ថ្ងៃទី​២ ខែ​កញ្ញា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ភាគី​ថៃ​ឲ្យ​កម្ពុជា​រើ​លំនៅឋាន​ប្រជា​ពលរដ្ឋ​ចំនួន ១៧០ គ្រួសារ​ចេញ​ពី​តំបន់​ព្រំដែន​ដែល​កំពុង​មាន​ជម្លោះ។

នៅក្នុងលិខិត លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ថា ការ​ទាមទារ​របស់​ថៃ​ពាក់ព័ន្ធ​នឹង​ដែន​អធិបតេយ្យ​មួយ​ផ្នែក ​នៃ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ គឺជា​បញ្ហា​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC)។

លោក​បាន​សង្កត់​ធ្ងន់​ថា «ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥»។

លោក​អភិបាល​ខេត្ត​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​រក្សា​ស្ថានភាព​ព្រំដែន និង​ស្ថានភាព​ប្រជាជន​បច្ចុប្បន្ន​សិន រហូត​ដល់​យន្តការ​ផ្លូវការ​ទាំង​ពីរ​គឺ GBC និង JBC អាច​រក​ដំណោះស្រាយ​បាន។

ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីលិខិតរបស់អភិបាលខេត្តស្រះកែវ លោក Parinya Phothisat ចុះថ្ងៃទី២៩ ខែសីហា ដែលបានកំណត់ឱសានវាទឲ្យកម្ពុជា​រើ​លំនៅឋាន​ប្រជា​ពលរដ្ឋ​ខ្មែរ ១៧០ គ្រួសារ​ចេញ​ពី​តំបន់​ដែល​ភាគី​ថៃ​អះអាង​ថា​ជា​ទឹកដី​របស់​ពួកគេ។ តាម​ការ​ចុះផ្សាយ​របស់​កាសែត The Nation របស់​ថៃ ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​មាន ១៣៥ គ្រួសារ​នៅ​ភូមិ​ជោគជ័យ និង ៣៥ គ្រួសារ​នៅ​ភូមិ​ព្រៃចាន់ ដែល​ភាគី​ថៃ​ហៅ​ថា Ban Nong Chan និង Nong Ya Kaew។

ទោះជាយ៉ាងណា កម្ពុជា​បាន​អះអាង​ជា​ច្រើន​ដង​ថា​តំបន់​ទាំង​ពីរ​នេះ​ជា​ទឹកដី​កម្ពុជា​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ ភស្តុតាង​ជា​ច្រើន​បាន​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​រស់នៅ និង​បង្កបង្កើនផល​នៅ​តំបន់​នេះ​តាំងពី​មុន​សម័យ​ខ្មែរ​ក្រហម​មក​ម្ល៉េះ ដែល​បញ្ជាក់​ពី​ការ​គ្រប់គ្រង​ជា​យូរ​លង់​របស់​កម្ពុជា​លើ​តំបន់​នេះ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ពេញមួយឆ្នាំ២០២៥ កម្ពុជាទ...