ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកើនឡើងនៃជំងឺពងបែក ដៃ ជើង និងមាត់នៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាល សមស្របតាមមូលដ្ឋានសុខាភិបាល។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជាញឹកញាប់គឺពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើ ទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យផងដែរ។
ជំងឺនេះក៏ជាជំងឺមួយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផងដែរ តាមរយៈ៖ ការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃ ដែលចេញពីពងបែកលាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្ដាហ៍ទីមួយ។ ជំងឺពងបែក ដៃ ជើង និងមាត់ មិនឆ្លងពីមនុស្សទៅសត្វ ឬពីសត្វមកមនុស្សឡើយ។
រោគសញ្ញា៖
* មានគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និង មានពងកន្ទួល លើបាតដៃ បាតជើង និងកំប៉ះគូទ
* ជំងឺពងបែក ដៃជើង និងមាត់ ភាគច្រើនមានស្ថានភាពស្រាល អ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃ ហើយកម្រមានផលវិបាកណាស់ (អ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកំដៅ
ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្ដាលមកពីពងបែកក្នុងមាត់ តែមិនត្រូវប្រើថ្នាំ អាស្ពីរីន (aspirin) ដើម្បីបញ្ចុះកំដៅឡើយ)
* ជាកម្រ ជំងឺពងបែក ដៃ ជើង និងមាត់ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬ កន្ត្រាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់)
សូមបញ្ជាក់៖ អ្នកជំងឺដែលមានផលវិបាកធ្ងន់ធ្ងរខាងលើនេះ ត្រូវប្រញាប់បញ្ជូនជាបន្ទាន់ ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺ។
របៀបបង្ការ៖
* ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក
* លាងដៃកុមារឱ្យបានញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬជាមួយអាល់កុលដែល ជាពិសេសក្រោយប៉ះពងបែក ឬ ដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណីដល់ទារក ឬ កុមារ
ក្រោយប្រើប្រាស់បង្គន់អនាម័យ និងក្រោយប្តូរទ្រនាប់គូទទារក ឬជូតសម្អាតរាងកាយកុមារ
* លាងសម្អាតផ្ទៃនិងរបស់ ដែលប្រលាក់ដោយទឹកនិងសាប៊ូ
* ចៀសវាងការប៉ះពាល់ស្និទ្ធស្នាល (ថើប អោប ប្រើប្រាស់សម្ភារសម្រាប់បរិភោគរួមគ្នា។ល។) ជាមួយកុមារដែលមានជំងឺពងបែក ដៃ ជើង និងមាត់
* ប្រើស្លាបព្រា និងចាន ដាច់ដោយឡែកសម្រាប់កុមារម្នាក់ៗ
* សូមឱ្យកុមារនៅផ្ទះនៅពេលមានជំងឺ កុំទៅសាលារៀនឬមណ្ឌលទារកដ្ឋាន ឪពុកម្តាយនិងអ្នកថែទាំកុមារ ត្រូវរក្សាការប្រុងប្រយ័ត្ន ចំពោះរោគសញ្ញានៃជំងឺ ដើម្បីរកឱ្យឃើញ
ទាន់ពេល ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃផលវិបាកជំងឺផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹកឱ្យបានច្រើនដល់កុមារ
* សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន នៅពេលមានជំងឺពងបែកដៃ ជើង និងមាត់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕


