ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់លើកទី២ ទៅ UN ជំរុញឱ្យថៃដោះលែងកងទ័ពកម្ពុជា ១៨នាក់
ភ្នំពេញ — គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានដាក់ញ្ញត្តិបន្ទាន់លើកទី២ ទៅកាន់អង្គការសហប្រជាជាតិ (UN) ដើម្បីស្នើសុំអន្តរាគមន៍ជាបន្ទាន់ឱ្យមានការដោះលែងកងទ័ពកម្ពុជា ១៨ នាក់ ដែលត្រូវបានយោធាថៃបន្តឃុំខ្លួនដោយខុសច្បាប់ អស់រយៈពេល ៦៥ ថ្ងៃមកហើយ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន។
ញ្ញត្តិនេះដែលបានផ្ញើជូនលោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានគូសបញ្ជាក់សាជាថ្មីពីការឃុំខ្លួនខុសច្បាប់ និងការប្រព្រឹត្តមិនគប្បីលើកងទ័ពកម្ពុជាទាំង ២០ នាក់ ដែលត្រូវបានយោធាថៃចាប់ខ្លួន ក្រោយបទឈប់បាញ់នៅពាក់កណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ យោធាថៃបានដោះលែងត្រឹមតែ ២នាក់ប៉ុណ្ណោះ ខណៈ ១៨ នាក់ទៀតនៅតែបន្តឃុំខ្លួន។
គ.ស.ម.ក. បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយចាត់ទុកថា ការបន្តឃុំខ្លួននេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការហាមឃាត់ការឃុំខ្លួនតាមទំនើងចិត្ត។
គណៈកម្មាធិការក៏បានគូសបញ្ជាក់ពីទុក្ខសោករបស់ក្រុមគ្រួសារកងទ័ពទាំង ១៨ នាក់ ដែលកំពុងរងនូវភាពឈឺចាប់ ភ័យខ្លាច និងទុក្ខព្រួយរាល់ថ្ងៃ ដោយគ្មានដំណឹងច្បាស់លាស់ពីសុវត្ថិភាព និងការប្រព្រឹត្តដោយមនុស្សធម៌ចំពោះមនុស្សជាទីស្រឡាញ់របស់ពួកគេ។
ការអំពាវនាវដល់ OHCHR
គ.ស.ម.ក. បានស្នើសុំដល់ OHCHR ដែលមានអាណត្តិក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ឱ្យទំនាក់ទំនងជាបន្ទាន់ជាមួយនឹងរាជរដ្ឋាភិបាលប្រទេសថៃ ដើម្បីធានាដល់ការដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង ១៨ នាក់ ទៅតាមច្បាប់អន្តរជាតិ។
គណៈកម្មាធិការបានព្រមានថា កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលាពីសំណាក់ OHCHR អាចត្រូវបានបកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។ សភាពអសកម្មនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងកិត្តិយសរបស់កងទ័ពកម្ពុជានោះទេ ថែមទាំងបង្កើតគំរូអាក្រក់មួយចំពោះការរួចផុតពីទោសទណ្ឌ ដែលអាចធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធិភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិចុះខ្សោយផងដែរ។
ជាចុងក្រោយ គ.ស.ម.ក. បានជំរុញឱ្យ OHCHR ដោះស្រាយបញ្ហានេះជាបន្ទាន់ ហើយគាំទ្រកម្ពុជាក្នុងការស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ ដោយរំពឹងលើការចូលរួមរបស់ UN ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងយុត្តិធម៌សម្រាប់ជនរងគ្រោះ៕
