នាចុងសប្តាហ៍នេះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Sarah Lotfi Lajam ជា Group Managing Director (Singapore, Malaysia and Thailand) របស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines ) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងផ្លាស់ប្តូរយោបល់ពីការពង្រឹងកិច្ចសហការតភ្ជាប់ទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងអារ៉ាប៊ីសាអូឌីតរបស់ក្រុមហ៊ុន នាទីស្តីការក្រសួង។
ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កាលើការពង្រីកការតភា្ជប់តាមផ្លូវអាកាសរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់គ្រប់ទិសទី ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះ វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវគម្រោងផែនការពង្រីកអាជីវកម្មរបស់ខ្លួនក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនក្រុមហ៊ុនពីកិច្ចសហការគាំទ្ររបស់ក្រសួងទេសចរណ៍ក្នុងការទទួលស្វាគមន៍ដំណើរ Famtrip ដែលរៀបចំដោយក្រុមហ៊ុនមកព្រះរាជាណាចក្រកម្ពុជា។
តាមរយៈវត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយនេះដែលបានដឹកជញ្ជូនអ្នកដំណើរជាង៣៥លាននាក់ទៅកាន់គោលដៅចំនួន១៤៨ ក្នុងប្រទេសចំនួន១៤០ ទាំងទ្វីបអ៊ឺរ៉ុប អាស៊ី អូសេអានី អាហ្រ្វិក និងអាមេរិក ពិតជាជួយឱ្យមានកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕



























