Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ពិធីបុណ្យ “Deepavali Celebration 2025” នឹងក្លាយជាព្រឹត្តិការណ៍ជំរុញ និងទាក់ទាញទេសចរណ៍មកកម្ពុជាបន្ថែមទៀត

នាចុងសប្តាហ៍កន្លងទៅ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីបុណ្យ Deepavali Celebration 2025 ដែលរៀបចំដោយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (Malaysia Business Chamber in Cambodia) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា, ឯកឧត្តម Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប៊្រុយណេដារូសាឡឹមប្រចាំកម្ពុជា, ឯកឧត្តម-លោកជំទាវជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ និងប្រធានក្រុមហ៊ុនពីប្រទេសម៉ាឡេស៊ី និងកម្ពុជា ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិជាង២៥០នាក់។

ថ្លែងក្នុងឱកាសនៃពិធីដ៏មានសារៈសំខាន់ក្នុងទំនៀមទំលាប់ប្រពៃណីហិណ្ឌូនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជាចំពោះគំនិតផ្តួចផ្តើមនេះ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការប្រារព្ធពិធីនេះនៅកម្ពុជា មិនត្រឹមតែនឹងបង្ហាញពីប្រពៃណីវប្បធម៌ដ៏សម្បូរបែប និងសារៈសំខាន់ផ្នែកទំនៀមទំលាប់នៃពិធីបុណ្យ Deepavali នេះប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយឱ្យមានការយល់ដឹង និងពង្រឹងមិត្តភាព វប្បធម៌ក្នុងតំបន់ ជាពិសេសរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជាផងដែរ។ តាមរយៈការចែករំលែកប្រពៃណី សិល្បៈ និងតម្លៃនៃពិធីបុណ្យ Deepavali នឹងក្លាយជាស្ពានមួយដែលពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ និងបង្កើនភារតភាព សាមគ្គីភាពទៅវិញទៅមករវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថាពិធីបុណ្យ Deepavali នឹងក្លាយជាផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម ដែលត្រូវចាត់ទុកថាជាការទាក់ទាញតាមរដូវកាលដ៏សំខាន់សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ សម្រាប់បទពិសោធន៍ធ្វើដំណើរដ៏ពិសេសមួយដែលផ្សារភ្ជាប់នឹងវប្បធម៌ និងពន្លឺ និងសហគមន៍ជនបរទេសនៅកម្ពុជា ដែលពួកគេអាចប្រារព្ធនៅទីនេះក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ ទេសចរណ៍ Deepavali ប្រាកដជានឹងលើកកម្ពស់ការយល់ដឹង និងអន្តរវប្បធម៌ចំពោះប្រពៃណីហិណ្ឌូ, ទេសចរណ៍ប្រកបដោយចីរភាព ដោយលើកទឹកចិត្តដល់សិប្បកម្មក្នុងស្រុក ម្ហូបអាហារ និងការចូលរួមរបស់សហគមន៍ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការងារតាមរដូវកាល និងកំណើនអាជីវកម្ម៕

អត្ថបទពាក់ព័ន្ធ