Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

លោក គុយ សុផល ត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជំនួសសម្តេច គង់ សំអុល

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ប្រោសព្រះរាជទានគោរមងារជា «សម្តេច មហាមន្រ្តី» ដល់លោក គុយ សុផល នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺក្នុងថ្ងៃនៃមរណភាពរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។ ព្រះបរមរាជា ទ្រង់ចេញព្រះរាជក្រឹត្យស្តីពីការប្រទានគោរមងារសម្តេច ដល់លោក គុយ សុផល ទៅតាមសំណើសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។

នៅមានព្រះរាជក្រឹត្យមួយទៀត គឺព្រះរាជក្រឹត្យស្តីពីការតែងតាំងសម្តេចមហាមន្រ្តី គុយ សុផល ជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល។ ព្រះរាជក្រឹត្យនេះ ក៏ត្រូវបានធ្វើឡើងតាមសំណើសម្តេច ហ៊ុន សែន ដែរ ដែលកំពុងទទួលរាជានុសិទ្ធិជា ប្រមុខរដ្ឋស្តីទី ខណៈព្រះមហាក្សត្រ កំពុងគង់ប្រថាប់នៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ ព្រះរាជក្រឹត្យទាំងពីរខាងលើ ត្រូវបានចេញក្នុងព្រះនាមព្រះករុណាផ្ទាល់។

សូមជម្រាបថា មុនទទួលបានគោរមងារជាសម្តេច និងបានឡើងជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្តេច គុយ សុផល គឺជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅនៅក្រសួងព្រះបរមរាជវាំង។ បើនិយាយទៅ នៅក្រសួងព្រះបរមរាជវាំង សម្តេច គុយ សុផល គឺជាឥស្សរជនទីពីរ បន្ទាប់ពីសម្តេច គង់ សំអុល។ សម្តេច គង់ សំអុល ដែលបានដង្ហែតាមព្រះមហាក្សត្រជាយូរមកហើយនោះ បានទទួលមរណភាពកាលពីព្រឹកមិញ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយវ័យជរា៕

អត្ថបទពាក់ព័ន្ធ