ប៉ារីស — ក្នុងសេចក្តីជូនដំណឹងមួយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានកត់សម្គាល់ថា បច្ចុប្បន្ន អ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ)។
បញ្ហាទាំងនោះ មានដូចជា ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល។ ហើយនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។
ដើម្បីជាការប្រុងប្រយ័ត្ន ស្ថានទូតស្នើអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។
យោងតាមការចុះផ្សាយសារព័ត៌មានរបស់ថៃ Khaosod ឱ្យដឹងថា ការអនុវត្តតឹងរឹងលើអ្នកដំណើរកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីប្រទេសថៃបានចោទកម្ពុជាថាបានជួលទាហានស៊ីឈ្នួលបរទេសមកចូលរួមក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ ខណៈទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា និងថៃ បានចេញមុខមកអះអាងដូចគ្នាថា មិនមានទាហានរុស្ស៊ីមកពាក់ព័ន្ធនឹងជម្លោះព្រំដែននេះឡើយ។
ឧត្តមសេនីយ៍ឯក ផានុម៉ាត ប៊ុននីឡាក់ ស្នងការការិយាល័យអន្តោប្រវេសន៍ថៃ ត្រូវបានដកស្រង់ ដោយនិយាយថា ការអនុវត្តវិធានការតឹងរឹងចំពោះការចូលប្រទេសថៃតាមជើងហោះហើរនេះ គឺអនុវត្តតែលើពលរដ្ឋកម្ពុជា និងជនបទេសដែលសង្ស័យជាទាហានស៊ីឈ្នួលមកពីអឺរ៉ុបខាងកើត និងអាស៊ីខាងជើង ដែលចូលមកប្រទេសថៃដោយប្រើប្រាស់លិខិតឆ្លងដែនទេសចរណ៍ដោយមិនចាំបាច់មានទិដ្ឋាការ៕
