ក្រសួងបរិស្ថានបានដាក់ចេញនូវការណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនវិនិយោគទាំងអស់ ឱ្យចូលរួមគោរពច្បាប់បរិស្ថានឱ្យបានខ្ជាប់ខ្ជួន ដើម្បីជំរុញវប្បធម៌ស្អាត និងធានាការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ការរំលឹកនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការបំពុលពីសំណាក់អាជីវកម្មដែលមានសក្តានុពលបង្កផលប៉ះពាល់ខ្ពស់ ដូចជាប្រភេទសហគ្រាសបោកគក់ ជ្រលក់ពណ៌ និងការប្រើប្រាស់សារធាតុគីមី ដែលត្រូវតែអនុវត្តតាមបទដ្ឋានបច្ចេកទេសស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីជៀសវាងការរងនូវពិន័យអន្តរកាលធ្ងន់ធ្ងរ ការបង្គាប់ឱ្យកែប្រែបច្ចេកទេស ការស្តារបរិស្ថានឡើងវិញ ក៏ដូចជាការបង់សំណងការខូចខាតផ្សេងៗ។
ជាក់ស្តែង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ រោងចក្រ XINSHENGTONG ENERGY (CAMBODIA) CO., LTD ដែលមានមូលដ្ឋាននៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញថាបានបង្កការលេចធ្លាយសំណល់ប្រេង បណ្តាលឱ្យប៉ះពាល់ដល់ដីស្រែប្រជាពលរដ្ឋប្រមាណ ២ ហិកតា ព្រមទាំងធ្វើឱ្យខូចខាតដល់គុណភាពដី ទឹក និងប្រព័ន្ធជីវៈចម្រុះ។ ករណីនេះត្រូវបានចាត់ទុកជាបទល្មើសដែលមានចែងក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលតម្រូវឱ្យមានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ក្រសួងនឹងបន្តពង្រឹងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់រាល់ការបំពុលទាំងឡាយណាដែលប៉ះពាល់ដល់សុខភាពពលរដ្ឋ និងបរិស្ថាន។
ឯកឧត្តមបានបញ្ជាក់ថា ការពង្រឹងវប្បធម៌ស្អាតនៅតាមមូលដ្ឋានអាជីវកម្ម គឺជាបេសកកម្មដ៏សំខាន់ដើម្បីធានាឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ យន្តការនេះត្រូវបានធ្វើឡើងស្របតាម «យុទ្ធសាស្ត្រចក្រា» របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តោតលើសសរស្តម្ភចំនួនបីគឺ ភាពស្អាត ភាពបៃតង និងចីរភាព សំដៅធ្វើយ៉ាងណាឱ្យកម្ពុជាមានភាពស្អាតទាំងក្នុងទឹក នៅលើដី និងលើមេឃ ដើម្បីការពារបរិស្ថានផង និងទាក់ទាញវិនិយោគិនព្រមទាំងភ្ញៀវទេសចរផងដែរ៕
