Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង អំពាវនាវឱ្យប្រជានេសាទប្រុងប្រយ័ត្ន ចៀសវាងចូលក្បែរតំបន់គ្រប់គ្រងដោយភាគីថៃ

កោះកុង — លោកស្រីអភិបាលខេត្តកោះកុង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានចេញសារអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការប្រកបរបរប្រចាំថ្ងៃ ដើម្បីចៀសវាងការឈានចូលទៅនេសាទក្បែរដែនសមុទ្រថៃ ឬតំបន់ដែលភាគីថៃកំពុងចូលទន្ទ្រានគ្រប់គ្រង។

ការអំពាវនាវរបស់លោកស្រីអភិបាលខេត្ត ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍អ្នកនេសាទកម្ពុជាចំនួន ៤ នាក់ ត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ តាមការអះអាងពីសមត្ថកិច្ចព្រំដែនទឹក កម្មករនេសាទទាំងនោះបានប្រើប្រាស់ទូកមួយគ្រឿងមានកម្លាំង ១៩០ សេះ ធ្វើសកម្មភាពនេសាទនៅចម្ងាយប្រហែល ៩ គីឡូម៉ែត្រ ពីចំណុចកោះយ៉ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងឱកាសជួបជាមួយប្រជានេសាទ និងក្រុមគ្រួសារក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា លោកស្រីអភិបាលខេត្តបានសង្កត់ធ្ងន់ថា បងប្អូនប្រជានេសាទទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ដោយធ្វើនេសាទតែក្នុងតំបន់ជិតៗនៃដែនសមុទ្រកម្ពុជា និងត្រូវចៀសវាងដាច់ខាតការចូលទៅជ្រៅដល់តំបន់គ្រប់គ្រងរបស់ភាគីថៃ។

ទន្ទឹមនឹងនេះ លោកស្រីក៏បានដាស់តឿនដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យផ្សព្វផ្សាយតែព័ត៌មានពិតដែលមានប្រភពច្បាស់លាស់ និងមានលក្ខណៈវិជ្ជមានចំពោះបញ្ហាសន្តិសុខជាតិ។ លោកស្រីបានបន្ថែមថា គ្រប់គ្នាត្រូវចៀសវាងការចែកចាយព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ និងខ្វះការទទួលខុសត្រូវ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងមូល៕

អត្ថបទចាប់អារម្មណ៍ច្រើន