ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ៥១០១នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ ធ្វើឱ្យចំនួនជនភៀសសឹកសរុបដែលបានវិលត្រឡប់ទៅលំនៅឋានវិញ មានប្រមាណជិត៥សែននាក់ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៥០ ១៤៦នាក់។
ក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃនេះ ក្រសួងមហាផ្ទៃបានឱ្យដឹងថា ពលរដ្ឋភៀសសឹកខ្លះបានវិលទៅដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅជំរំបណ្តោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសម្បែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ។
របាយការណ៍ដដែលក៏បានឱ្យដឹងដែរថា សេវាសាធារណៈមួយចំនួននៅបន្តផ្អាកនៅឡើយ ដូចជានៅខេត្តឧត្តរមានជ័យ សាលារៀនចំនួន៤០ មន្ទីរពេទ្យមណ្ឌលសុខភាពចំនួន ៧ រដ្ឋបាលនៅថ្នាក់សង្កាត់ ចំនួន១ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១បន្តបិទផ្អាក ខណៈនៅខេត្តបន្ទាយមានជ័យ មានសាលារៀនចំនួន៥ និងមន្ទីរពេទ្យមណ្ឌលសុខភាព១បន្តបិទ។ ដោយឡែកខេត្តព្រះវិហារ មានសាលារៀនចំនួន២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាពចំនួន១៤ នៅបន្តបិទផ្អាក។
ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះវិហារកំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាត ព្រមទាំងបន្តឧបត្ថម្ភគាំទ្រពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះ។ ខេត្តឧត្តរមានជ័យ មានភូមិចំនួន ៨៤ ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅបាន ខណៈមន្រ្តីកំពុងរៀបចំផ្ទះ និងភូមិករពលរដ្ឋ ១៧២ភូមិ។ ខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី និងមន្រ្តីពាក់ព័ន្ធកំពុងរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះចំនួន ២៧៣៥គ្រួសារ៕
