ភ្នំពេញ — កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលគ្រោងធ្វើនៅខេត្តសៀមរាប នៅខែវិច្ឆិកា ឆ្នាំនេះ ត្រូវបានផ្លាស់ប្តូរមករាជធានីភ្នំពេញវិញ។ បើតាមក្រសួងការបរទេសកម្ពុជា ការផ្លាស់ប្តូរទីតាំងនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីពីខេត្តសៀមរាប មករាជធានីភ្នំពេញ គឺដើម្បីធានាបាននូវលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់ការរៀបចំ និងការចូលរួមកិច្ចប្រជុំ ព្រមទាំងព្រឹត្តិការណ៍អមនានា។
ប្រទេសកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដោយព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលនឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និង តំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។
កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយ ជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF៕
