ភ្នំពេញ — អាជ្ញាធរកម្ពុជាបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធសំណុំរឿង Prince Group ដែលមានតម្លៃប៉ាន់ស្មានជិត ១ពាន់លានដុល្លារអាមេរិក ហើយកំពុងស្នើសុំជំនួយពី INTERPOL ដើម្បីតាមចាប់ជនត្រូវចោទ និងមេខ្លោង ២៩នាក់ ដែលរត់គេចខ្លួនទៅក្រៅប្រទេស ពាក់ព័ន្ធបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។

លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី២១ ខែតុលា ថា ការស៊ើបអង្កេតបានរកឃើញបណ្តាញក្រុមហ៊ុនពាក់ព័ន្ធ ១៩៨ ក្នុងនោះ ៩៨ នៅកម្ពុជា និង ១០០ នៅក្រៅប្រទេស។

តាមលោក ស៊ីណារិទ្ធ តុលាការកម្ពុជាកំពុងបន្តនីតិវិធីស៊ើបសួរលើសំណុំរឿង Prince Group ពាក់ព័ន្ធនឹងបទឆបោកមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តដោយក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់មានស្ថានទម្ងន់ទោស ដោយកំណត់ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) និងបក្ខពួកថាជាមុខសញ្ញាសំខាន់ក្នុងសំណុំរឿងនេះ។

លោកបានបញ្ជាក់ថា ក្រុមជនត្រូវចោទបានប្រើប្រាស់អគារ និងទីតាំងកាស៊ីណូមួយចំនួន ដែលស្ថិតក្រោមស្លាកក្រុមហ៊ុនសម្ព័ន្ធ Prince Group ដើម្បីលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។

រហូតមកដល់ពេលនេះ តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៣២នាក់ និងបានដាក់ជនត្រូវចោទ ៤នាក់ផ្សេងទៀតឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ៥នាក់បន្ថែមទៀត ព្រមទាំងស្វែងរកទ្រព្យសម្បត្តិដែលមានការពាក់ព័ន្ធ។

លោក ស៊ីណារិទ្ធ បានឱ្យដឹងថា ទ្រព្យសម្បត្តិពាក់ព័ន្ធនឹងសំណុំរឿង Prince Group រួមមាន អគារ កាស៊ីណូ អចលនទ្រព្យជាច្រើនពាន់កន្លែង និងចលនទ្រព្យផ្សេងៗ ដែលមានតម្លៃប៉ាន់ស្មានសរុបជិត ១ពាន់លានដុល្លារអាមេរិក ត្រូវបានតុលាការសម្រេចបង្កក។

បច្ចុប្បន្ន ស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យមូលដ្ឋានច្បាប់ និងភស្តុតាង ដើម្បីកំណត់វិធានការចាត់ចែងទ្រព្យសម្បត្តិទាំងនោះជាបណ្តោះអាសន្ន រួមទាំងលទ្ធភាពដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ឬឈានទៅការរឹបអូសជាស្ថាពរ ស្របតាមនីតិវិធីច្បាប់៕