នៅក្នុងសេចក្តីថ្លែងការណ៍ ស្ថានទូតបានរំលឹកថា បារាំងគឺជាម្ចាស់ផ្ទះ និងជាសហប្រធានសន្និសីទអន្តរជាតិស្តីពីកម្ពុជា រួមជាមួយឥណ្ឌូនេស៊ី ដែលនាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ១៩៩១។
ស្ថានទូតបានសង្កត់ធ្ងន់ថា គោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវបានចារក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅតែជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាព ព្រមទាំងការលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
ក្រៅពីរំលឹកប្រវត្តិសាស្ត្រ បារាំងក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគីដែរ។ ស្ថានទូតថា ចាប់តាំងពីកិច្ចព្រមព្រៀងនេះកើតឡើង បារាំង និងកម្ពុជាបានកសាងភាពជាដៃគូដ៏រឹងមាំ ដោយផ្អែកលើមិត្តភាពប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធ និងចក្ខុវិស័យរួមឆ្ពោះទៅអនាគត៕
