ទីក្រុងប៉េកាំង – នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក Scott Kennedy ទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន បានចេញផ្សាយអត្ថបទវិភាគរបស់ខ្លួនមួយ តាមរយៈមជ្ឈមណ្ឌល CSIS ដោយបង្ហាញពីការប្រែប្រួលយ៉ាងខ្លាំង នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ក្នុងឱកាសដែលប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាជាមួយលោក ស៊ី ជិនពីង។
ដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសចិន ត្រូវបានកំណត់ធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃពុធ ទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
ផ្ទុយស្រឡះពីដំណើរទស្សនកិច្ចកាលពីឆ្នាំ២០១៧ ដែលកាលនោះចិនបានប្រើប្រាស់យុទ្ធសាស្ត្រ «បន្ទន់ចិត្ត» និងការទូតបែបប្រុងប្រយ័ត្ន លោក Scott Kennedy លើកឡើងថា មកដល់ពេលនេះ ទីក្រុងប៉េកាំងមានភាពជឿជាក់ និងម៉ឺងម៉ាត់ជាងមុនឆ្ងាយណាស់។
ភាពជឿជាក់ដែលទីក្រុងប៉េកាំងកំពុងបង្ហាញឡើង គឺផ្អែកលើកត្តាសំខាន់ៗចំនួន ៣៖
ឧត្តមភាពបច្ចេកវិទ្យា ៖ ចិនបានផ្លាស់ប្តូរខ្លួនឯងពីអ្នកដើរតាម ក្លាយជាដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លា ជាពិសេសក្នុងវិស័យរថយន្តអគ្គិសនី (EV) រ៉ូបូត និងថាមពលកកើតឡើងវិញ។
យុទ្ធសាស្ត្រទប់ទល់នឹងសម្ពាធ ៖ មន្ត្រីចិនហាក់លែងភ័យខ្លាចចំពោះការគំរាមកំហែងពីអាមេរិកដូចមុន។ ពាក្យស្លោក “TACO” (Trump Always Chickens Out) បានលេចឮក្នុងចំណោមមន្ត្រីចិន ដែលឆ្លុះបញ្ចាំងពីជំនឿថា ប្រសិនបើចិនគំរាមកំហែងវាយបកចំចំណុចខ្សោយនៃទីផ្សារអាមេរិក រដ្ឋបាលលោក ត្រាំ នឹងដកថយវិញមិនខាន។
ភាពធន់នៃទំនាក់ទំនងអន្តរជាតិ ៖ ទោះបីជាអាមេរិកព្យាយាមធ្វើឱ្យចិនឯកោ ក៏មេដឹកនាំបស្ចិមប្រទេសជាច្រើន (ដូចជា កាណាដា អង់គ្លេស និងអាល្លឺម៉ង់) នៅតែបន្តមកធ្វើទស្សនកិច្ចនៅចិន ដែលសបញ្ជាក់ថាការផ្ដាច់ខ្លួនពីសេដ្ឋកិច្ចចិន (Decoupling) គឺជារឿងមិនអាចទៅរួច។
ទោះបីជាបង្ហាញភាពខ្លាំងនៅខាងក្រៅ ប៉ុន្តែលោក Scott Kennedy ក៏បានចង្អុលបង្ហាញពី «បញ្ហាលាក់កំបាំង» ដែលចិនកំពុងប្រឈម៖
វិបត្តិ “Involution” នៃសេដ្ឋកិច្ច ៖ ការផលិតលើសតម្រូវការក្នុងស្រុក បណ្ដាលឱ្យទំនិញធ្លាក់ថ្លៃ បំណុលកើនឡើង និងអត្រាគ្មានការងារធ្វើក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាមានកម្រិតខ្ពស់។
អស្ថិរភាពនយោបាយផ្ទៃក្នុង ៖ ការបោសសម្អាតក្នុងជួរយោធា និងបក្សកុម្មុយនីស្តចិន បង្ហាញថាផ្ទៃក្នុងថ្នាក់ដឹកនាំកំពូលអាចនឹងមានភាពរកាំរកូស។
ភាពឯកោក្នុងសង្គម ៖ ចំនួនធុរកិច្ចជន និងនិស្សិតបរទេសនៅប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កើតឱ្យមានគម្លាតនៃការយល់ដឹងរវាងចិន និងពិភពលោក។
លោក Scott Kennedy លើកឡើងថា ជំនួបកំពូលលើកនេះ ត្រូវបានគេប្រៀបប្រដូចទៅនឹងល្បែងភ្នាល់កម្រិតខ្ពស់។ ខណៈដែលទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់អានុភាពសេដ្ឋកិច្ច និងយោធាជាអាវុធ ទីក្រុងប៉េកាំងបែរជាជឿជាក់លើឧត្តមភាពបច្ចេកវិទ្យា និងសមត្ថភាពក្នុងការបង្ក «ការឈឺចាប់» ត្រឡប់ទៅវិញ ដើម្បីរក្សាតុល្យភាពនៃទំនាក់ទំនងដ៏តានតឹងនេះ៕
