Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនជាតិ​កូរ៉េ​ ប្រឌិតព័ត៌មានពីការ​ចាប់បង្ខាំង និង​ធ្វើទារុណកម្ម ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា

ជនជាតិកូរ៉េម្នាក់​ត្រូវ​បាន​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា និង​ហាម​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​ទៀតឡើយ ក្រោយ​ពី​បានប្រឌិតព័ត៌មានពី​ការ​ចាប់បង្ខាំង និង​ធ្វើ​ទារុណកម្ម​។

សេចក្តីប្រកាស​ព័ត៌មានរបស់​អគ្គស្នងការនគរបាល​ជាតិ បាន​ឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រចាំបញ្ហា អគ្គស្នងការដ្ឋាននគរបាលជាតិ១១៧ បានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារយុវជនកូរ៉េខាងត្បូង មួយរូបឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា ត្រូវបានបង្ខាំងនៅទីតាំង១កន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរក បុគ្គលខាងលើតាមព័ត៌មានដែលផ្តល់ដោយ ក្រុមគ្រួសារ និងបានរកឃើញកំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះឡើយ។

តាមការបំភ្លឺ ឈ្មោះ CHOI TAEWON មានគោលបំណងមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដែលទទួលបានប្រាក់ខែខ្ពស់ ហើយក៏ទទួលបានការងារនៅទីតាំងខាងលើ រួមជាមួយកន្លែងស្នាក់នៅសមរម្យ អាហារគ្រប់គ្រាន់ និងមានសេរីភាពដើរហើរពេញលេញជាធម្មតា។ ចំពោះមូលហេតុដែលនាំឱ្យគ្រួសារស្នើសុំអន្តរាគមន៍មកមជ្ឈមណ្ឌលប្រចាំបញ្ហារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺមកពីរូបគេមិនបានទំនាក់ទំនងជាមួយគ្រួសារ ក្នុងអំឡុងពេលស្នាក់នៅនិងធ្វើការ ម្យ៉ាងករណីស្នើសុំអន្តរាគមន៍ពីសំណាក់គ្រួសារនេះ រូបគេក៏មិនបានដឹងផងដែរ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ផ្អែកតាមការពិនិត្យស្រាវជ្រាវ និងព័ត៌មានដែលទទួលបានករណីនេះពុំមានសញ្ញាណនៃការបង្ខាំងមនុស្សដោយខុសច្បាប់ ឬធ្វើទារុណកម្ម ដូចអ្វីដែលម្ដាយរបស់សាមី ខ្លួន បានផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីស្នើសុំជួយអន្តរាគមន៍នោះទេ ផ្ទុយទៅវិញសាមីខ្លួនក៏នៅមានការលាក់បាំងមិនសហការជាមួយសមត្ថកិច្ចក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីដំណើរមកដល់កម្ពុជា ការស្វែងរកការងារធ្វើ និងមូលហេតុនៃការផ្តល់ព័ត៌មានអំពីទីកន្លែងដែលខ្លួនធ្វើការទៅក្រុមគ្រួសារ រហូតឈានដល់បង្កើតឱ្យមានសំណើសុំអន្តរាគមន៍ពីសំណាក់គ្រួសារដោយពុំត្រឹមត្រូវ និងប្រើប្រាស់ព័ត៌មានប្រឌិត បង្កឱ្យមានការភ័ន្តច្រឡំពីមតិសាធារណជនជាតិ និងអន្តរជាតិ។

ករណីនេះ CHOI TAEWON នឹងត្រូវបញ្ជួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញពីព្រះរាជាណាចក្រកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្ដងទៀត៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

យ៉ាងហោចណាស់មនុស្សចំនួន ១...