Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងធនធានទឹកអំពាវនាវ​ឱ្យ​ពលរដ្ឋ​សន្សំសំចៃទឹក​កម្រិតខ្ពស់​នៅ​ក្នុង​រដូវប្រាំង

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រើប្រាស់ទឹក ដោយសន្សំសំចៃកម្រិតខ្ពស់ នៅ៣ខែដំបូងនៃដើមឆ្នាំ២០២៥ ជាពិសេសតំបន់ជនបទដែលនៅឆ្ងាយ ពីប្រភពទឹក និងប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​នៅ​ថ្ងៃទី៣០​ ខែធ្នូ នេះ បានឲ្យដឹងថា អាកាសធាតុ នៅក្នុងរដូវប្រាំងឆ្នាំ ២០២៥ យោងតាមការព្យាករ ស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និង តំបន់អេក្វាទ័របង្ហាញឱ្យឃើញថា៖

ចាប់ពីខែមករា ដល់ខែឧសភា បាតុភូតឡានីណា នឹងថយចុះពី ៦០ភាគរយ មក ៤០ភាគរយ ដោយជំនួសមកវិញនូវបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) ដែលនឹងកើនឡើងពី ៦០ភាគរយ ទៅ ៨០ភាគរយ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ៖

១-រដូវប្រាំង សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមានឹងទាបជាងមធ្យមភាគច្រើនឆ្នាំ។ ដោយ ឡែកចាប់ពីខែមករា ដល់ដើមខែមីនា នៅតំបន់ខ្ពង់រាបរួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានសីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងមធ្យមអតិបរមា ៣០°C។

បរិមាណទឹកភ្លៀង៖ បរិមាណទឹកភ្លៀងមានកម្រិតប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ ខែមានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤ ជាមួយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។ ដោយ ឡែកនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ កម្រិតទឹកភ្លៀងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

២-ដើមរដូវវស្សា ៖ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ ឬសប្តាហ៍ទី២ នៃខែឧសភា ដែល លឿនជាងឆ្នាំ២០២៤។

* សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។

* បរិមាណទឹកភ្លៀង៖ បរិមាណទឹកភ្លៀងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ កម្រិតបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។

ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ នៅ៣ខែដំបូងនៃដើមឆ្នាំ២០២៥ ជាពិសេសតំបន់ជនបទដែលនៅឆ្ងាយ ពីប្រភពទឹក។

ជាមួយគ្នានោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើន នៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៥៕

អត្ថបទចាប់អារម្មណ៍ច្រើន