មន្រ្តីស៊ីម៉ាក់ចំនួន២រូប បានស្លាប់នៅវេលាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងឧបទ្ទវហេតុផ្ទុះមីន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅចំណុចភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះទាំងពីររូបត្រូវបានគេបញ្ជាក់ថា មានឈ្មោះ ពៅ នេពីន អត្តលេខ ៩៣៦៤៨៦ និងឈ្មោះ អឿន ចាន់ដារ៉ា អត្តលេខ ៩៣៦៤៩៣។ ពួកស្ថិតនៅក្នុងកងឯកភាពកំចាត់មីនទី១។
លោក ឡាង កុសល មន្ត្រីព័ត៌មាននៅអាជ្ញាធរមីនបាននិយាយថា ទីតាំងចម្ការមីននេះត្រូវបានសិក្សាស្រាវជ្រាវដោយប្រតិបត្តិករស្រាវជ្រាវ HALO Trush ហើយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) គឺជាប្រតិបត្តិករបោសសម្អាត។
លោកថា ចម្ការមីននេះ ពីមុនជាផ្លូវចាស់ ដែលកងទ័ពខ្មែរក្រហមបានដាក់មីន នៅរាយប៉ាយ ហើយនៅខាងកើតចម្ការមីននេះប្រហែលជា ២៥០ម៉ែត្រ ធ្លាប់មានការផ្ទុះឡាន ១គ្រឿង ស្លាប់មនុស្ស ២នាក់ឆ្នាំ១៩៨៥ ដែលចំនិងខ្សែផ្លូវចាស់នេះ។ ចម្ការមីននេះលិចទឹក ៧០ភាគរយនៅរដូវវស្សា។
លោកបន្តថា អ្នកភូមិ២៧នាក់កំពុងធ្វើកសិកម្មនៅលើផ្លូវចាស់នេះ ហើយពួកគាត់ប្រឈមនិងគ្រោះថ្នាក់ និងបានស្នើសុំអង្គការបោសសម្អាតមីននានា ជួយបោសសម្អាតឱ្យពួកគាត់៕
