ភ្នំពេញ – ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា លោកនឹងបង្កើតក្រុមសមត្ថកិច្ចចល័តដើម្បីតាមពិនិត្យអនុវត្តលើអ្នកដំណើរទាំងឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យថា មានជាតិស្រវឹង ទោះអ្នកទាំងនោះមិនធ្វើដំណើរឆ្លងកាត់ គោលដៅអនុវត្តក៏ដោយ។
លោកស្នងការបញ្ជាក់ថា “ការបង្កើតក្រុមល្បាតចល័តនេះ គឺមិននៅនឹងគោលដៅអនុវត្តនោះឡើយ ហើយក្រុមនេះ ក៏មិនមែនចេះតែជិះនោះដែរ គឺយើងឈរនៅគោលដៅណាមួយ ចាំមើលស្ថានភាពអ្នកបើកបររថយន្ត ឬ ម៉ូតូ ក្នុងស្ថានភាពស្រវឹង បើកវ៉ាជែងក្រុមល្បាតនឹងបើតាម មើលថាគាត់មានស្ថានភាពស្រវឹងហើយ គឺក្រុមល្បាតទៅបញ្ឈប់អ្នកបើកបរនោះភ្លាមតែម្តង ទោះអ្នកទាំងនោះមិនធ្វើដំណើរឆ្លងកាត់ គោលដៅអនុវត្តក៏ដោយ”។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផែនការនេះលោកបានសរសេររួចហើយ ហើយនឹងដាក់ជូនលោកអភិបាលរាជធានីភ្នំពេញ, លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងគោរពស្នើរសុំ លោកអភិសន្តិបណ្ឌិត ស សុខា ដើម្បីបង្កើតក្រុមល្បាតចល័តចរាចរណ៍ក្នុងពេលឆាប់ៗ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកត់ត្រាដោយក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញថា នៅឆ្នាំ២០២៤ មានមនុស្សប្រមាណជាង ១៥០៩នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងនោះអត្រាអ្នករងរបួសធ្ងន់ស្រាលដោយសារតែគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៣៧២០នាក់។
របាយការណ៍ក៏បានបញ្ជាក់ពីមូលហេតុសំខាន់ៗបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរួមមាន ៖ ល្បឿនលើសកំណត់ ៤០%, មិនគោរពសិទ្ធិ ២៤%, មិនប្រកាន់ស្តាំ ៩%, បត់គ្រោះថ្នាក់ ៩%, ប្រជែងគ្រោះថ្នាក់ ៧%, កត្តាយាន ៤% និង ស្រវឹង ៣%៕
