Connect with us

Hi, what are you looking for?

ពិភពលោក

លោក ថាក់ស៊ីន ទទួលបានលើកលែងទោស ក្រោយកូនស្រីឡើងជានាយករដ្ឋមន្ត្រី

មួយថ្ងៃបន្ទាប់ពីកូនស្រីរបស់លោក ត្រូវបានបោះឆ្នោតឱ្យក្លាយជានាយករដ្ឋមន្ត្រី មហាសេដ្ឋី និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ ដោយកាត់បន្ថយការនៅក្រៅឃុំរយៈពេលពីរសប្តាហ៍។

មេធាវីរបស់លោក ថាកស៊ីន លោក Winyat Chartmontri បានប្រាប់រ៉យទ័រថា លោក ថាក់ស៊ីន គឺជាអ្នកទោសដែលទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ក្នុងចំណោមអ្នកទោសដទៃទៀត ក្នុងឱកាសចម្រើនព្រះជន្មរបស់ព្រះអង្គកាលពីខែមុន ហើយវានឹងចូលជាធរមាននៅថ្ងៃអាទិត្យនេះ។ លោកបន្តថា ការដោះលែងលោក ថាក់ស៊ីន ឱ្យនៅក្រៅឃុំ ដែលត្រូវបានអនុញ្ញាតក្នុងខែកុម្ភៈនឹងត្រូវបញ្ចប់នៅចុងខែនេះ ប៉ុន្តែត្រូវបានកាត់បន្ថយមកត្រឹមថ្ងៃអាទិត្យ ដែលជាផ្នែកនៃការលើកលែងទោសរបស់ព្រះមហាក្សត្រ។

លោក ថាក់ស៊ីន គឺជាបេះដូងនៃការដណ្តើមអំណាចរយៈពេលពីរទសវត្សរ៍រវាងគ្រួសារស៊ីណាវ៉ាត្រា និងសម្ព័ន្ធមិត្តរបស់ខ្លួន និងគឺជាទំនាក់ទំនងនៃរាជានិយម ឧត្តមសេនីយ៍ និងគ្រួសារឥស្សរជនចាស់ៗ ដែលមានឥទ្ធិពលយូរមកហើយលើរាជរដ្ឋាភិបាល និងស្ថាប័នថៃ។

បន្ទាប់ពីការវិលត្រឡប់ចូលមាតុភូមិវិញកាលពីខែសីហាឆ្នាំមុន ក្រោយការនិរទេសខ្លួនឯង ដើម្បីគេចចេញពីការជាប់ពន្ធនាគារដែលផ្តួលរំលំនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ២០០៦ លោក ថាក់ស៊ីន បានត្រូវបានឃុំខ្លួនរយៈពេល៦ខែនៅក្នុងមន្ទីរពេទ្យដោយសារតែហេតុផលសុខភាព មុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែកុម្ភៈ។ បន្ទាប់ពីការត្រលប់មកវិញ លោក ថាក់ស៊ីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ក្នុងអំឡុងពេលកាន់តំណែងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ ការអនុញ្ញាតឱ្យនៅក្រៅឃុំរបស់លោក ត្រូវបានបន្ធូរបន្ថយរយៈពេលមួយឆ្នាំដោយព្រះមហាក្សត្រ មហាវិជ្ជវ៉ាឡុងកន (Maha Vajiralongkorn) កាលពីខែកញ្ញាឆ្នាំមុន។

កូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលមានវ័យ៣៧ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីស្ត្រីទី២របស់ប្រទេសថៃ និងជាត្រកូលស៊ីណាវ៉ាត្រាទីបី ដែលបានកាន់តំណែង ដោយទទួលបានសំឡេងគាំទ្រជិត២ភាគ៣នៃសភាថៃ។ ដោយឡែក សម្ព័ន្ធមិត្តរបស់លោក ថាក់ស៊ីន ពោលគឺលោក សេដ្ឋា ថាវីស៊ីន ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីដោយតុលាការធម្មនុញ្ញ ពីបទរំលោភក្រមសីលធម៌។ ប្អូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១៤។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន នៅតែប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថរាជានិយម ប៉ុន្តែបានជៀសវាងការឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីតុលាការព្រហ្មទណ្ឌបានអនុញ្ញាតឱ្យលោកនៅក្រៅឃុំ កាលពីខែមិថុនា។ ពាក្យបណ្តឹងនេះកើតចេញពីបទសម្ភាសដែលលោកធ្វើឡើងជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស កាលពីឆ្នាំ២០១៥។ លោកក៏ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ ដែលផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារហូតដល់១៥ឆ្នាំសម្រាប់ការប្រមាថព្រះមហាក្សត្រ។ យ៉ាងណា លោក ថាក់ស៊ីន អះអាងថា លោក​មិនព្រួយបារម្ភ​អំពី​ករណី​នេះ​ទេ ហើយ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ៕

អត្ថបទចាប់អារម្មណ៍ច្រើន