Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្ថានីយទូរទស្សន៍អន្តរជាតិដ៏ធំមួយ ថតខ្សែភាពយន្តឯកសារ បង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនជុំវិញពិភពលោក

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៦ វិច្ឆិកា ម្សិលមិញ បានអនុញ្ញាតជូនលោក Michaël Darmon និងលោក Yves Derai អ្នកកាសែត ផលិតករ និងអ្នកនិពន្ធដ៏ល្បីរបស់ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំមួយក្នុងពិភពលោកដែលមានទស្សនិកជនជាង ៤២១លាននាក់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរយោបល់ ព្រមស្នើសុំអនុសាសន៍ណែនាំលើគម្រោងថតភាពយន្តឯកសារស្តីពី “ការរីកចម្រើនរុងរឿងរបស់កម្ពុជា” ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និងចុក្ខវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីអាណត្តិរបស់សម្តេចតេជោ រហូតមកដល់សម្តេចធិបតី។

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់អ្នកកាសែតដ៏ល្បីរបស់បារាំងទាំងពីររូប មកថតខ្សែភាពយន្តឯកសារដែលមានលក្ខណៈប្រវត្តិសាស្រ្ត បញ្ជាក់ពីតថាភាពជាក់ស្តែង និងកម្រិតអន្តរជាតិនេះ ដោយបានផ្សារភ្ជាប់ជាមួយសក្តានុពលទេសចរណ៍ដែលកំពុងរះដ៏ចិញ្ចាច ជាមួយកាលានុវត្តវិនិយោគដ៏ល្អជាពិសេសក្នុងវិស័យទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក្រសួងទេសចរណ៍ត្រៀមជាស្រេច ក្នុងការផ្តល់កិច្ចសហការជាមួយផលិតករលើគម្រោងដ៏មានសារៈសំខាន់ និងជាប្រយោជន៍ដល់ប្រជាជនកម្ពុជាផង និងប្រជាជនពិភពលោកផង ឱ្យបានយល់ដឹងពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប សម្បតិ្តបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន អច្ឆរិយនៃរាជធានីភ្នំពេញជាមួយទន្លេ៤ប្រសព្វគ្នា បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងល្បីល្បាញ “ស្នាមញញឹមកម្ពុជា” ជាពិសេសគឺកត្តាសុខសន្តិភាព សុវត្ថិភាព ការរីកចម្រើនគ្រប់វិស័យដែលប្រទេសកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។
តាមការជម្រាបជូនរបស់ផលិតករ ខ្សែភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំងក្នុងអំឡុងកិច្ចប្រជុំកំពូលអង្គការបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ខាងមុខនេះ៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

តម្លៃប្រេងបានកើនឡើងជាង ២...