Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជាប្រកាសជំហរដាច់ខាតមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយដែលអះអាងឯកតោភាគីដោយប្រទេសថៃ

រាជរដ្ឋាភិបាលកម្ពុជាបានចេញមកបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀតថា កម្ពុជានឹងមិនទទួលយកជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយដែលត្រូវបានធ្វើឡើងដោយឯកតោភាគីពីសំណាក់ប្រទេសថៃ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ។

ក្នុងសេចក្ដីថ្លែងការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពព្រំដែននាថ្ងៃទី២០ ខែមេសានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានផ្ញើលិខិតតវ៉ាជាផ្លូវការប្រឆាំងនឹងការសាងសង់ប៉ុស្តិ៍យាម ការធ្វើផ្លូវ ការជីកលេណដ្ឋាន និងសកម្មភាពឈូសឆាយដីរបស់ភាគីថៃ នៅក្នុងតំបន់មួយចំនួននៃខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់។ សកម្មភាពទាំងនេះ គឺជាការពង្រឹងការកាន់កាប់ដោយខុសច្បាប់លើទីតាំងដែលថៃបានដណ្តើមយកដោយកម្លាំងយោធាកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាបានចាត់ទុកសកម្មភាពរបស់ថៃថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី និងការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបដិសេធរាល់ការប៉ុនប៉ងប្រើប្រាស់លេស “ការពារខ្លួន” ដើម្បីមកបិទបាំងសកម្មភាពខុសច្បាប់ទាំងនេះ និងបានអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពឯកតោភាគីជាបន្ទាន់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អ។

បើទោះបីជាសកម្មភាពថ្មីៗទាំងនេះស្ថិតនៅលើទីតាំងចាស់ដែលភាគីថៃបានឈរជើងក្រោយបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥ ហើយមិនមែនជាការរុលចូលកាន់កាប់ទីតាំងថ្មីបន្ថែមទៀតក៏ដោយ ក៏កម្ពុជានៅតែបន្តតវ៉ាជាដាច់ខាតដោយមិនរំលងសកម្មភាពណាមួយឡើយ។ ការតវ៉ានេះមានសារសំខាន់បំផុតដើម្បីបញ្ជាក់ថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិស្របច្បាប់ និងដើម្បីរក្សាទុកជាភស្តុតាងគតិយុត្តិសម្រាប់ដោះស្រាយតាមច្បាប់អន្តរជាតិនៅពេលខាងមុខ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏​បានប្រកាស​ធានាជូនជនរួមជាតិថា កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវជំហរឥតងាករេក្នុងការការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងផែនទីដែលបានព្រមព្រៀងគ្នា។ កម្ពុជាប្តេជ្ញាស្វែងរកដំណោះស្រាយដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ និងមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងបាយ៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ប្រទេសជប៉ុន សម្រេចផ្ដល់ឥ...