Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រាជធានីភ្នំពេញ ទទួលបានភ្ញៀវចូលទស្សនាជិត ៩លាននាក់ រយៈពេល ៦ថ្ងៃ

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ បានបិទបញ្ចប់ទៅដោយជោគជ័យ ជាមួយនឹងតួលេខអ្នកចូលរួមយ៉ាងច្រើនកុះករមិនធ្លាប់មាន ពោលគឺក្នុងរយៈពេល ៦ថ្ងៃមកនេះ មានភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណជិត ៩លាននាក់ បានចូលរួមអបអរសាទរ និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

យោងតាមការបញ្ជាក់ពី លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ចំនួនភ្ញៀវដែលបានមកកម្សាន្តមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ​នៅថ្ងៃទី៦ (១៩ មេសា) មានភ្ញៀវសរុប ១,៤៤០,៧១២នាក់ (ក្នុងនោះភ្ញៀវបរទេស ២៣,២៣២នាក់)។ ដោយឡែករយៈពេល ៣ថ្ងៃដំបូង (ថ្ងៃចូលឆ្នាំ) ទទួលបានភ្ញៀវជាង ៤លាននាក់។ ក្នុងនោះថ្ងៃទី១ ចំនួន ៩៨៣,០៨០នាក់, ថ្ងៃទី២ ចំនួន ១,៥៦៥,៣៦៧នាក់ និងថ្ងៃទី៣ ចំនួន ១,៨២៧,៩៩០នាក់។

រយៈពេល ៣ថ្ងៃបន្ទាប់ គឺពីថ្ងៃទី១៧-១៩ មេសា ទោះបីជាមានភ្លៀងធ្លាក់ខ្លះក៏ដោយ ក៏ចំនួនភ្ញៀវនៅតែរក្សាបានជាង ១លាននាក់ក្នុងមួយថ្ងៃ។

ជោគជ័យនៃព្រឹត្តិការណ៍ដ៏ធំនេះ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរដ្ឋបាលរាជធានីភ្នំពេញ ដោយបានរៀបចំទីតាំងកម្សាន្តចំនួន ៦កន្លែង រួមទាំងទីតាំងធំនៅអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។

តាមរយៈព្រឹត្តិការណ៍នេះ បានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានមកជួបជុំគ្នាអបអរសាទរបុណ្យប្រពៃណីជាតិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

ការសិក្សា បង្ហាញថា មានតម...