Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា-ចិន បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» និងសម្រេចដំឡើងទៅជាយន្តការ «៣+៣» ដើម្បីពង្រឹងមិត្តភាពដែកថែប

ភ្នំពេញ — លទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញឱ្យឃើញពីការវិវត្តដ៏មានមហិច្ឆតានៃទំនាក់ទំនងទ្វេភាគី ដែលឈានទៅរកភាពចាស់ទុំ និងភាពធន់កាន់តែខ្លាំង ក្រោមស្មារតី «មិត្តភាពដែកថែប» និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កិច្ចសន្ទនាជាប្រវត្តិសាស្ត្រនេះត្រូវបានដឹកនាំដោយឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមមានខាងភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ចំណែកឯខាងភាគីចិន ដឹកនាំដោយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលផ្អែកលើការគោរពគ្នា ការជឿទុកចិត្ត និងការគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមកឥតងាករេ។ ក្នុងន័យនេះ កម្ពុជាបានបញ្ជាក់សារជាថ្មីនូវការគាំទ្រយ៉ាងមុតមាំចំពោះ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» ក៏ដូចជាគំនិតផ្ដួចផ្ដើមសកលទាំងបួន ស្តីពីការអភិវឌ្ឍ សន្តិសុខ អរិយធម៌ និងអភិបាលកិច្ច ដែលបានដាក់ចេញដោយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។

ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងកិច្ចសន្ទនាលើកដំបូងនេះ គឺភាគីទាំងពីរបានឯកភាពគ្នាដំឡើងកិច្ចសន្ទនាពីយន្តការ ២+២ ទៅជាយន្តការ ៣+៣ ដោយមានការចូលរួមបន្ថែមពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍នយោបាយ-សន្តិសុខ ទាំងក្នុងតំបន់ និងអន្តរជាតិ។ យន្តការថ្មីនេះនឹងដើរតួនាទីជាវេទិកាដ៏សំខាន់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើង។

សម្រាប់ទិសដៅទៅអនាគត កម្ពុជា និងចិន បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសក្ដានុពលជាច្រើន រួមមាន បរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការតាំងចិត្តក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីនាំមកនូវលទ្ធផលជាក់ស្តែង និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ លទ្ធផលនៃកិច្ចសន្ទនានេះ មិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ៕

ព័ត៌មានជាតិ

ប្រទេសជប៉ុន សម្រេចផ្ដល់ឥ...

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន