Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ចិនកំពុងជំរុញឱ្យពន្លឿនក្នុងការនាំចូលសំបុកត្រចៀកកាំ ពីកម្ពុជា

ប្រធានសមាគមត្រចៀកកាំកម្ពុជា បាន​បញ្ជាក់ថា ប្រទេសចិនកំពុងជំរុញឱ្យពន្លឿននៃការនាំចូលសំបុកត្រចៀកកាំ ពីប្រទេសកម្ពុជា ខណៈ​ប្រមាណ៣ ទៅ៤សប្តាហ៍កន្លងមក សមាគមត្រចៀកកាំកម្ពុជាក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងគយនៃប្រទេសចិននៅខេត្តគ័ងស៊ី ដើម្បីធ្វើការនាំចេញរួចមកហើយ។

គួរបញ្ជាក់ថា ការចិញ្ចឹមត្រចៀកកាំយកសំបុកនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ដោយសារសំបុកបក្សីប្រភេទនេះមានតម្លៃខ្ពស់ និងពេញនិយមពីសំណាក់អ្នកបរិភោគស្ទើរជុំវិញពិភពលោក។

ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាចុងសប្តាហ៍នេះ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានឱ្យដឹងថា ទីផ្សារសំបុកត្រចៀកកាំនាពេលនេះកំពុងមានស្ថេរភាពល្អទាំងក្នុងស្រុក និងការលក់ចេញទៅបរទេស។នៅថ្ងៃខាងមុខឆាប់ៗនេះអាចនឹងមានពន្លឺល្អក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការផងដែរ។

លោកបានបញ្ជាក់ប្រាប់ថា៖ ”ក្នុងដំណើរការចរចានាំសំបុកទឹកមាត់ត្រចៀកកាំទៅកាន់ប្រទេសចិនទោះស្ថិតនៅក្នុងដំណាក់កាលមួយមិនទាន់សម្រេច តែឃើញដំណើរការនេះរាងល្អ ព្រោះខាងប្រទេសចិនគាំទ្រ ឱ្យមានការនាំចេញឱ្យបានឆាប់ ប៉ុន្តែយ៉ាងណាត្រូវធ្វើតាមនីតិវិធីរបស់គេផងដែរ”។

លោក ស៊ុយ កុកធានបានឱ្យដឹងដែរថា នៅប្រទេសកម្ពុជាបច្ចុប្បន្នមានការធ្វើផ្ទះត្រចៀកកាំស្ទើរគ្រប់ខេត្ត ហើយលើកលែងតែមណ្ឌលគិរីដែលមានផ្ទះត្រចៀកកាំត្រឹមតែ២ទៅ៣ខ្នងផងដែរ។នៅកម្ពុជាបើតាមការប៉ាន់ស្មានការផលិតសំបុកត្រចៀកកាំគឺបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។

ទាក់ទិនទៅនឹងទីផ្សារតម្លៃត្រចៀកកាំនៅប្រទេសចិន ត្រូវបានលោក ស៊ុយ កុកធាន ប្រាប់ថា បច្ចុប្បន្នដោយសារប្រទេសមួយនេះសេដ្ឋកិច្ចបានធ្លាក់ចុះបន្តិចទើបធ្វើឱ្យតម្លៃត្រចៀកកាំនាំទៅកាន់ប្រទេសចិនបានធ្លាក់ចុះប្រមាណ១៥ភាគរយបើប្រៀបធៀបប៉ុន្មានខែមុនមកនេះ។ បច្ចុប្បន្ននេះការនាំសំបុកត្រចៀកកាំចេញក្រៅប្រទេសគឺមានតែក្រៅផ្លូវការប៉ុណ្ណោះ តែការនាំចេញលក់ជាផ្លូវការពុំទាន់មាននៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ