ខណៈដែលមានការត្អូញត្អែរពីប្រជាកសិករពីករណីស្រូវធ្លាក់ថ្លៃ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា តាមពិតបញ្ហាស្រូវធ្លាក់ថ្លៃនេះ គឺកើតឡើងចំពោះតែប្រភេទស្រូវ OM (ស្រូវស្រាល) ដែលជាប្រភេទពូជមកពីប្រទេសវៀតណាមប៉ុណ្ណោះ។
តាមរយៈវីដេអូឃ្លីប លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម មានប្រសាសន៍ថា ចំពោះអ្នកធ្វើស្រូវមែនទែនគឺយើងបានធ្វើការបែងចែកច្បាស់លាស់ណាស់ថា ប្រភេទណាជាស្រូវក្រអូប ប្រភេទស្រូវអង្ករ ស ប្រភេទស្រូវ អ៊ីអ៊ា ដែលជាស្រូវស្រាល សម្រាប់ធ្វើលក់។ ចំពោះស្រូវដែលធ្វើលក់ OM នេះ ដោយសារកសិករធ្វើសម្រាប់លក់ទៅកាន់ប្រទេសវៀតណាមច្រើន អញ្ចឹងការលក់ ស្រូវបែបនេះគឺអាស្រ័យទៅលើទីផ្សារប្រទេសវៀតណាម។ ដោយឡែកសម្រាប់ស្រូវដែលយើងធ្វើសម្រាប់ រោងម៉ាស៊ីនរបស់ខ្មែរ គឺយើងរក្សាទីផ្សារបាន ចំណុចនេះគឺមានមនុស្សតិចតួចទេដែលបានដឹង។
“ការធ្វើស្រូវប្រាំងនាឆ្នាំនេះគឺមានជាង៧០ម៉ឺនហិកតា ដែលអាចប្រមូលផលជិត៥លានតោន។ សម្រាប់ជិត៥លានតោននេះសុទ្ធតែជាប្រភេទស្រូវ OM អញ្ចឹងបានជាយើងកំពុងមើល មិនចេះតែអន្តរាគមន៍ ដើម្បីខាតទាំងអស់គ្នានោះទេ ក្នុងករណីនេះបើយើងបង្ខំឱ្យរោងម៉ាស៊ីនទិញ ដូចយើងឃើញស្រាប់ហើយរោងម៉ាស៊ីនពេលនេះសុទ្ធតែអង្ករខ្មែរ និងពួកគាត់បានទិញពេញស្តុកផង។ អង្កររបស់ពួកគាត់តាមរោងម៉ាស៊ីននេះមិនទាន់លក់អស់ទេ ហើយអង្ករទាំងនេះសុទ្ធតែមានតម្លៃខ្ពស់។ អង្ករខ្មែរយើងក្រអូបមានតម្លៃខ្ពស់ និងសម្រាប់អង្ករវៀតណាមOM មួយរយៈពេលនេះធ្លាក់ថ្លៃចុះមែនទែន ហើយឥឡូវនេះយើងកំពុងមើលជាមួយគ្នាថាស្រូវដែលកសិករដាំប្រភេទ OM របស់វៀតណាមនេះយើងអាចធ្វើអ្វីដែលជួយពួកគាត់បាន”

–
យ៉ាងណាក៏ដោយរដ្ឋមន្រ្តីក្រសួងកសិកម្មបានធ្វើការអំពាវនាវដល់ប្រជាកសិករ នៅខែវស្សាក្រោយសូមធ្វើពូជស្រូវផ្ការំដួលទាំងអស់គ្នា ដើម្បីកុំឱ្យតម្លៃស្រូវចុះថោកដូចពេលនេះ៕


























