យោងតាមសេចក្តីរាយការណ៍ពី សេតវិមាន សហរដ្ឋអាមេរិកបានសម្រេចបង្កើនពន្ធនាំចូលទំនិញពីប្រទេសក្នុងតំបន់អាស៊ី និងសហភាពអ៊ឺរ៉ុប ដោយកម្ពុជាជាប់ពន្ធកម្រិតខ្ពស់ដល់ ៤៩%។ ការសម្រេចចិត្តនេះធ្វើឡើងឆ្លើយតបទៅនឹងឱនភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេចាត់ទុកថា ជាផលប៉ះពាល់ពីនយោបាយពន្ធនាំចូលរបស់ប្រទេសដទៃ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានពន្យល់ថា ការកែប្រែពន្ធគយនេះគឺដើម្បីអនុវត្តតាមសេចក្តីសន្យាក្នុងយុទ្ធសាស្ត្រស្តារ វិស័យឧស្សាហកម្ម និងផលិតកម្ម ក្នុងសហរដ្ឋអាមេរិកឡើងវិញ។

–
អាមេរិកត្រូវបានកេងប្រវ័ញ្ចដោយប្រទេសដទៃអស់ជាង ៥០ឆ្នាំមកហើយ។ ថ្ងៃនេះ យើងកំពុងដាក់អាមេរិកជាអាទិភាព ហើយនេះគឺជាប្រវត្តិសាស្ត្រសម្រាប់កម្មករអាមេរិក។
ការសម្រេចចិត្តដាក់ពន្ធរបស់សហរដ្ឋអាមេរិកនេះ បានធ្វើឱ្យអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនភ្ញាក់ផ្អើល។ លោក Ken Rogoff អតីតប្រធានសេដ្ឋវិទូរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានពោលថា៖ «ត្រាំ បានបោះគ្រាប់បែកនុយក្លេអ៊ែរលើប្រព័ន្ធពាណិជ្ជកម្មពិភពលោក។ វាអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម និងប៉ះពាល់ដល់សេដ្ឋកម្មអាមេរិក និងអន្តរជាតិ»៕


























