ក្នុងឱកាសប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ កម្ពុជាបានធ្វើអនុស្សាវរីយ៍ដ៏ពិសេសមួយ ដោយចុះបញ្ជី “ប្រហុកសៀមរាប” ជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI) ដែលជាការទទួលស្គាល់ជាតិ និងអន្តរជាតិចំពោះតម្លៃប្រពៃណី និងគុណភាពពិសេសរបស់ផលិតផលនេះ។
ប្រហុកសៀមរាប ដែលមានប្រវត្តិយូរយារមកពីសម័យអង្គរ ត្រូវបានផលិតតាមវិធីប្រពៃណីដោយប្រើគ្រឿងផ្សំដើមក្នុងស្រុកដូចជា ត្រីរ៉ស់ និងគ្រឿងទេសផ្សេងៗ។ ការទទួលបានស្ថានភាព ម៉ាក GI នឹងជួយការពារឈ្មោះ និងគុណភាពរបស់ផលិតផល ព្រមទាំងលើកកម្ពស់ឱកាសចូលទីផ្សារអន្តរជាតិ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា «ការចុះបញ្ជីប្រហុកសៀមរាបជា GI គឺជាជំហានមួយក្នុងការការពារ និងពង្រីកទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជា។ វានឹងជួយឱ្យកសិករនិងអ្នកផលិតក្នុងស្រុកមានចំណូលប្រសើរឡើង និងលើកកម្ពស់ស្នាដៃខ្មែរក្នុងឆាកអន្តរជាតិ។»
សមិទ្ធផលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គម្រោង CAPFISH-Captur ដែលគាំទ្រដោយសហភាពអឺរ៉ុប (EU) និងអង្គការ UNIDO សហការជាមួយក្រសួងកសិកម្ម និងពាណិជ្ជកម្ម។ លោក Igor Driesmans តំណាង EU បានសរសើរថា «GI គឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការការពារប្រពៃណី និងជំរុញសេដ្ឋកិច្ចជនបទ។ អឺរ៉ុបបានគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ GI អស់ជាង ១០ ឆ្នាំមកហើយ។»
ការចុះបញ្ជី GI នឹងជួយ ការពារឈ្មោះ និងវិធីផលិតប្រពៃណីរបស់ប្រហុកសៀមរាប, បង្កើនតម្លៃផលិតផលនៅក្នុង និងក្រៅប្រទេស និង ពង្រីកទីផ្សារនិងជួយអ្នកផលិតក្នុងស្រុក
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា «ប្រហុកសៀមរាបគឺជាតំណាងឱជារសខ្មែរ និងភាពច្នៃប្រឌិតដែលបន្តរស់ពីសម័យអង្គរ។ យើងនឹងបន្តពង្រឹងវិស័យនេះតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មរបស់រាជរដ្ឋាភិបាល។»
ការចុះបញ្ជីប្រហុកសៀមរាបជា GI មិនត្រឹមតែជាការទទួលស្គាល់តម្លៃប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រសេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញវិស័យកសិកម្មប្រកបដោយចីរភាព។ នេះគឺជាការបញ្ជាក់ពីសក្តានុពលវិស័យកសិកម្មខ្មែរក្នុងឆាកអន្តរជាតិ៕


























