ភ្នំពេញ – ធនាគារពិភពលោក (World Bank) បានកែតម្រូវការព្យាករណ៍អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាចុះដល់ត្រឹម ៤% ក្នុងឆ្នាំ២០២៥ និង ៤.៥% ក្នុងឆ្នាំ២២០២៦ ដោយសារកត្តាប្រឈមមកពីសកល និងក្នុងស្រុក រួមមានភាពមិនប្រាកដប្រជាពីសង្គមអន្តរជាតិ ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម វិស័យអចលនទ្រព្យជាប់គាំង និងការរឹតត្បិតឥណទាន។
ការព្យាករថ្មីនេះធ្លាប់ធ្វើឲ្យភ្ញាក់ផ្អើលខ្លះ បន្ទាប់ពីការព្យាករពីមុនក្នុងខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាអាចដុះក្នុងអត្រា ៥.៥% ក្នុងឆ្នាំ២២០២៥។ ប៉ុន្តែទោះជាយ៉ាងណា ការងើបឡើងវិញនៃការនាំចេញ និងការប្រើប្រាស់ឯកជន បានជួយរក្សាស្ថេរភាពសេដ្ឋកិច្ចកម្ពុជាទល់នឹងអស្ថេរភាពសកល។
កត្តាជំរុញ និងឧបសគ្គ
– ការនាំចេញ ៖ កើនឡើង ១១.៦% ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដោយសារសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងផលិតផលឧស្សាហកម្មផ្សេងៗ។
– ទេសចរណ៍ ៖ ចំនួនភ្ញៀវទេសចរអន្តរជាតិកើន ១៦.១% ប៉ុន្តែនៅតែទាបជាងកម្រិតមុនវិបត្តិកូវីដ-១៩។
– ប្រាក់បញ្ញើពីបរទេស និងចំណូលទេសចរណ៍ ៖ ជួយសម្រួលដល់ឱនភាពពាណិជ្ជកម្ម ដោយទុនបម្រុងរដ្ឋាភិបាលកើនដល់ ២៤.៧ពាន់លានដុល្លារ។
– អតិផរណា ៖ កើនដល់ ៣.៧% ដោយសារតម្លៃអាហារកើនឡើង។
អ្នកជំនាញលើកឡើងពីតម្រូវការកែទម្រង់
លោកស្រី Tania Meyer ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា បានអះអាងថា «ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចឲ្យហួសពីវិស័យសំណង់ និងអាជីវកម្មប្រតិបត្តិការតិចតួច គឺជាកត្តាគន្លឹះដើម្បីធានាកំណើនដ៏ចីរភាព។ កម្ពុជាត្រូវផ្តោតលើការលើកកម្ពស់ផលិតកម្ម និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងកែទម្រង់ប្រព័ន្ធពន្ធដារដើម្បីទាក់ទាញការវិនិយោគ។»
ផែនការយុទ្ធសាស្ត្រសម្រាប់អនាគត
របាយការណ៍នេះបានណែនាំឲ្យកម្ពុជា៖
១. ពង្រីកមូលដ្ឋានចំណូល ៖ ដោយកាត់បន្ថយការពឹងផ្អែកលើពន្ធដារប្រយោល និងពង្រឹងប្រព័ន្ធការប្រមូលពន្ធដោយប្រសិទ្ធភាព។
២. ជំរុញវិនិយោគឯកជន ៖ តាមរយៈការកែទម្រង់ច្បាប់ និងបង្កើតបរិយាកាសអាជីវកម្មអំណោយផល។
៣. វិនិយោគលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ៖ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រវិនិយោគយូរអង្វែង។
ជាសរុប ទោះបីជាមានការរាំងស្ទះខ្លះក្នុងឆ្នាំ២០២៥ ក៏ដោយ កម្ពុជានៅតែមានសក្តានុពលខ្ពស់ក្នុងការរក្សាស្ថេរភាពសេដ្ឋកិច្ច និងឈានទៅរកឋានៈជាប្រទេសចំណូលមធ្យមកំរិតខ្ពស់នាពេលអនាគត៕
