សេដ្ឋកិច្ច
អាមេរិកសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជា មកត្រឹម ១៩%
សហរដ្ឋអាមេរិកបញ្ចុះពន្ធលើទំនិញកម្ពុជា ចុះត្រឹម ១៩% ។ នាយករដ្ឋមន្រ្តីកម្ពុជាលើកឡើងថា នេះជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រជាជន និងកសាងកម្ពុជាជារដ្ឋធំមួយមានសន្តិភាព ធម្មប្រជាធិបតេយ្យ និងអភិវឌ្ឍន៍បន្តិចបន្តួច។
សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអរគុណលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ លោកប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
សម្តេចលើកឡើងថា នៅក្នុងអំឡុងពេលដែលសម្តេចបានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅ សម្តេចបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ សម្តេចក៏បានស្នើសុំឲ្យប្រធានាធិបតីអាមេរិកផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឱ្យនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោក Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាឱ្យមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់សម្តេចធិបតីពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ លោកប្រធានាធិបតី Trump បានប្រាប់កាលពីថ្ងៃទី ២៨ កក្កដា ថា នឹងពិនិត្យសម្រេច ដោយលោកនឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។
“ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%”
សម្តេចធិបតីក៏បានកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ៕
