Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

វៀតណាម ប្តេជ្ញាបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈការនាំភ្ញៀវទេសចរ មកកម្ពុជាបន្ថែម

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel និងទទួលបន្ទុកផ្នែកអភិវឌ្ឍអាជីវកម្ម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជ្រាបពីសំណូមពរ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុនក្នុងប្រតិបត្តិការនាំភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកកម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារ Rex Hotel។

ឆ្លៀតក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវយុទ្ធសាស្រ្តល្អៗដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា តួយ៉ាង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវវៀតណាម និងភ្ញៀវអន្តរជាតិ ឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនេះបញ្ជាក់ជូនអំពីប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។ ក្នុងន័យនេះ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តវៀតណាម ភ្ញៀវទេសចរវៀតណាម និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា។

ជាមួយគ្នានេះគូភាគី បានឯកភាពសហការរៀបចំដំណើរទស្សនកិច្ចស្វែងយល់សក្តានុពលទេសចរណ៍ (Famtrip) នាពេលខាងមុខ ដើម្បីវិស័យឯកជនកម្ពុជា និងក្រុមហ៊ុន បានជួបពិភាក្សាឈានដល់ការសម្រេចរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នា៕

អត្ថបទចាប់អារម្មណ៍ច្រើន