ភ្នំពេញ – អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជារថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន២៣២៧គ្រឿង ខណៈក្នុងរយៈពេល៩ខែឆ្នាំនេះ មានរថយន្តអគ្គិសនីប្រមាណ១៦៤៤គ្រឿងមានការកើនឡើងបើធៀបនឹងរយៈពេល៩ខែ ឆ្នាំ២០២៣ ដែលមានរថយន្តអគ្គិសនីចុះបញ្ជីចំនួន២០៣គ្រឿង។
បើតាមអ្នកនាំពាក្យ ការចុះបញ្ជីរថយន្តអគ្គិសនីនៅក្នុងឆ្នាំនេះមានសន្ទុះកើនឡើង៧១០ភាគរយ ខណៈទោចក្រយានកើនឡើង៣៦៨ភាគរយ។ ដោយឡែកត្រីចក្រយានថយចុះ-១៥ភាគរយ។

–
ដោយឡែកទីតាំងបញ្ចូលថាមពលអគ្គិសនីបច្ចុប្បន្ននៅទូទាំងប្រទេសមានចំនួន២១កន្លែង មានទូបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនសរុបចំនួន២៧ទូ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា បានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គិសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។ ចក្ខុវិស័យនៃគោលនយោបាយជាតិ គឺប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានការប្រើប្រាស់យានយន្តអគ្គិសនីក្នុងកម្រិតសុភបរមា (optimal) ដើម្បីគាំទ្រ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងធានានូវសុខុមាលភាពប្រជាជន៕



























