Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន “ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ”

សៀវភៅនេះជាស្នាដៃរបស់ក្រសួងការបរទេស ដែលចងក្រងម្ហូបអាហារ និងបង្អែមខ្មែរប្រពៃណី ៣៨មុខ រួមជាមួយការលើកស្ទួយផលិតផលកសិកម្មសំខាន់ៗដូចជា អង្ករផ្ការំដួល អំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ។

សៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ដែលរៀបចំ និងចងក្រងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល “ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ» (Special Award of the Jury)ពី Gourmand Awards លើកទី៣០ នៅក្នុងកម្មវិធី Cascais World Food Summit ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងលីសស្យាន ប្រទេសព័រទុយហ្គាល់ ដោយមានអ្នកចូលរួមរាប់រយនាក់ មកពីប្រមាណ ២០០ប្រទេស។

សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ត្រូវបានប្រកាសចេញផ្សាយជាផ្លូវការ ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងបន្តផ្សព្វផ្សាយ និងលើកកម្ពស់កេរដំណែលសិល្បៈ ម្ហូបខ្មែរដែលជាផ្នែកមួយនៃយុទ្ធនាការការទូតអាហារ ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច របស់កម្ពុជា។

សៀវភៅម្ហូបនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងបន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់របស់ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែលទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ រួមមាន «សៀវភៅម្ហូបអាស៊ីល្អដាច់គេ» ឆ្នាំ២០២១ និង ឆ្នាំ២០២២ «សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយ ថ្នាក់ដឹកនាំនៃរដ្ឋ” ឆ្នាំ២០២២ និង «ពាន់រង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» ឆ្នាំ២០២៣។

សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» បានចងក្រងមុខម្ហូប និងបង្អែម ៣៨មុខ ដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅ។ សៀវភៅនេះក៏បានរំលេចនូវ កសិកម្ម និងទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជារួមមាន អង្ករផ្ការំដួល មួយ អំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ជាដើម។

លោក Edouard Cointreau ប្រធានគណៈកម្មាធិការកម្មវិធីពានរង្វាន់ បានលើកឡើងថា «កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអំឡុង ប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យពិភពលោកចាប់ផ្តើមសិក្សាស្វែងយល់ពីប្រជាជនខ្មែរឡើងវិញ ជាមួយផ្នត់គំនិតដែលកម្រនឹងមានពីមុនមក គឺការកែលម្អ និងលើកកម្ពស់សិល្បៈម្ហូបខ្មែរ។ សៀវភៅ ភាគ២ នេះ ប្រមូលផ្តុំនូវការសិក្សាដ៏គួរឱ្យទាក់ទាញ ដែលលើកតម្កើងអតីតកាលដ៏រុងរឿង សាទរ យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពនាបច្ចុប្បន្នកាល និងទន្ទឹងរង់ចាំអនាគតកាលដ៏ត្រចះត្រចង់ របស់ប្រទេសកម្ពុជា»។

តាមរយៈសេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃទី១៩ មិថុនា ក្រសួងការបរទេស​កម្ពុជា បាន​លើក​ឡើងថា ពានរង្វាន់មួយនេះ គឺជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចបន្តខិតខំប្រឹង ប្រែងចូលរួមលើកកម្ពស់កិត្យានុភាពជាតិ និងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការ ប្រែក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជា។ តាមរយៈការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូផង់របស់កម្ពុជា៕

អត្ថបទពេញនិយម