Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ដល់ទីក្រុងប៉េកាំង ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ៣ថ្ងៃ

Published

on

ប៉េកាំង ៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ នាវេលាម៉ោង ១៣:០០ រសៀល ថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០២៦ នេះ។ ដំណើរយាងនិងអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន បើយោងតាមប្រភពព័ត៌មានពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)។

នៅពេលហោះហើរទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិប៉េកាំង សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន និងកម្ពុជា។ ក្នុងនោះរួមមាន ឯកឧត្តម Liu Haixing រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន, ឯកឧត្តម Chen Zhou អនុរដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន និងលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

យោងតាមកម្មវិធីដែលបានគ្រោងទុក ក្នុងឱកាសទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រយៈពេល ៣ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានរបៀបវារៈកិច្ចប្រជុំកំពូល និងជំនួបទ្វេភាគីជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន។ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន និងឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ក្រៅពីជំនួបការងារជាមួយថ្នាក់ដឹកនាំចិន សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេកំពុងគង់ប្រថាប់បំពេញព្រះរាជភារៈពិនិត្យព្រះរាជសុខភាព នៅក្នុងរដ្ឋធានីប៉េកាំងផងដែរ។

ការពង្រឹងមិត្តភាពដែកថែប និងសហគមន៍វាសនារួម

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺជាព្រឹត្តិការណ៍ការទូតដ៏មានសារៈសំខាន់មួយ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងភ្នំពេញ និងប៉េកាំង។

ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការនេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត៕

Facebook