កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះត្រួតពិនិត្យ ក្នុងបុរីពិភពថ្មី ធនាគារជាតិ ផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ដោយឃាត់ខ្លួនជនជាតិបង់ក្លាដេស ចំនួន១៥នាក់ និងដកហូតកុំព្យូទ័រ និងទូរសព្ទដៃ មួយចំនួន ដែលជនសង្ស័យប្រើប្រាស់បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាពប្រើប្រាស់គណនី Facebook និង Telegram បន្លំខ្លួនជាបុគ្គលិករបស់ ធនាគារពិភពលោក ដោយក្រុមនេះ កាត់តរូបភាព តាមកម្មវិធី Canva ក្លែងឡូហ្គោពីធនាគារ ពិភពលោក World Bank ដើម្បីបោកអ្នកដទៃឱ្យដាក់ប្រាក់កម្ចីមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងៗជាច្រើនទៀត។
បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បើកយុទ្ធនាការទ្រង់ទ្រាយធំបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមទីតាំងធំៗ រួមមានៈ កាស៊ីណូ ខុនដូរ សណ្ឋាគារកន្លងមកនេះ ឥឡូវក្រុមឧក្រិដ្ឋជនបានប្តូរទិសដៅធ្វើសកម្មភាព បែងចែកជាក្រុមតូចៗ ធ្វើសកម្មភាពនៅតាមផ្ទះសំណាក់ ឬផ្ទះល្វែងវិញម្តង ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច៕
