សង្គម
ក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះសីហនុ កំពត កែប ចុះជួបកសិករនៅស្រុកអង្គរជ័យ និងកំពង់ត្រាច ពង្រឹងសក្តានុពលកសិកម្មមូលដ្ឋាន
ខេត្តកំពត ៖ ក្នុងស្មារតីជំរុញផលិតកម្មកសិកម្ម និងលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមមូលដ្ឋាន ក្រុមការងារលេខាធិការដ្ឋានចុះជួយមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាកសិករដែលប្រកបរបរដាំដូង ម្រេច បន្លែចម្រុះ និងចិញ្ចឹមសត្វ នៅក្នុងស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងដំណើរចុះបំពេញបេសកកម្មនេះ ក្រុមការងារបានយកចិត្តទុកដាក់ខ្ពស់លើការស្តាប់នូវបទពិសោធន៍ ក៏ដូចជាបញ្ហាប្រឈមនានារបស់កសិករ ព្រមទាំងបានចុះពិនិត្យទីតាំងដាំដុះ និងការចិញ្ចឹមសត្វជាក់ស្តែងដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតីសហគមន៍ភាព និងភាពឧស្សាហ៍ព្យាយាម ព្រមទាំងជំរុញឱ្យពលរដ្ឋប្រើប្រាស់ដីជុំវិញផ្ទះ និងក្នុងភូមិឋានឱ្យអស់សក្តានុពល ដើម្បីបង្កើនការដាំដុះដំណាំយុទ្ធសាស្ត្រ និងដំណាំចម្រុះទាំងលក្ខណៈគ្រួសារ និងសហគមន៍។

លើសពីនេះ ការជំរុញផលិតកម្មកសិកម្មតាមមូលដ្ឋាន គឺជាយុទ្ធសាស្ត្រគន្លឹះដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋមានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានសុវត្ថិភាព និងមានចំណូលបន្ថែមសម្រាប់គ្រួសារ។ ទន្ទឹមនឹងការទទួលបាននូវជំនាញ និងផាសុខភាពក្នុងការរស់នៅ គោលដៅចម្បងគឺការបង្កលក្ខណៈឱ្យពលរដ្ឋអាចរស់នៅជួបជុំគ្រួសារប្រកបដោយសុភមង្គល ក្នុងភូមិឋានក្សេមក្សាន្ត។ តាមរយៈការចុះផ្ទាល់នេះ បងប្អូនប្រជាកសិករបានបង្ហាញនូវក្តីរំភើបសប្បាយរីករាយ និងប្ដេជ្ញាចិត្តក្នុងការបន្តពង្រីកការដាំដុះឱ្យកាន់តែសកម្ម ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំបន្ថែមទៀត។
