ក្នុងគ្រាដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងគុយបាកំពុងស្ថិតក្នុងភាពតានតឹងខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) របស់សហរដ្ឋអាមេរិក លោក John Ratcliffe បានដឹកនាំគណៈប្រតិភូអាមេរិកទៅកាន់ទីក្រុងហាវ៉ាណា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលគុយបា។ ដំណើរទស្សនកិច្ចនេះ កើតឡើងស្របពេលដែលប្រទេសដែនកោះមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលគុយបា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ភាគីគុយបាបានសង្កត់ធ្ងន់ថា ប្រទេសរបស់ខ្លួនមិនមែនជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិកនោះទេ ហើយក៏គ្មានមូលហេតុត្រឹមត្រូវណាមួយក្នុងការដាក់បញ្ចូលគុយបាទៅក្នុងបញ្ជីប្រទេសដែលគាំទ្រភេរវកម្មនោះដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងហាវ៉ាណាក៏បានបដិសេធចំពោះការចោទប្រកាន់ដែលថា ខ្លួនកំពុងផ្តល់ជម្រកដល់ក្រុមភេរវករ ឬអនុញ្ញាតឱ្យមានមូលដ្ឋានចារកម្មបរទេសនៅលើទឹកដីរបស់ខ្លួនដែរ។
ការធ្វើដំណើរទៅកាន់ទីក្រុងហាវ៉ាណារបស់លោក Ratcliffe គឺបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា រដ្ឋបាលរបស់លោកកំពុងត្រៀមលក្ខណៈពិភាក្សាជាមួយគុយបា ដោយលោកបានចាត់ទុកគុយបាថាជា “ប្រទេសដែលបរាជ័យ” ហើយកំពុងត្រូវការជំនួយ។ ទោះជាយ៉ាងណាក៏ដោយ កន្លងមករដ្ឋបាលលោក ត្រាំ បានបង្កើនការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា រួមទាំងការរារាំងការនាំចូលប្រេង ដែលធ្វើឱ្យគុយបាជួបការលំបាកក្នុងការផ្គត់ផ្គង់ថាមពលដល់ពលរដ្ឋខ្លួន។
បច្ចុប្បន្ន រដ្ឋបាលអាមេរិកបានស្នើផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ ១០០ លានដុល្លារ ដល់គុយបា ដើម្បីជំរុញឱ្យមានការកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច និងអភិបាលកិច្ច។ ជាការឆ្លើយតប ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បានសម្តែងឆន្ទៈក្នុងការទទួលយកជំនួយ ប៉ុន្តែលោកបានលើកឡើងថា មធ្យោបាយដែលងាយស្រួល និងប្រសើរបំផុតក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នេះ គឺការដកចេញ ឬបន្ធូរបន្ថយការបិទខ្ទប់សេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិកតែម្តង។

ក្រៅពីបញ្ហាថាមពល សហរដ្ឋអាមេរិកក៏បានដាក់លក្ខខណ្ឌឱ្យគុយបាធ្វើការកែទម្រង់សេដ្ឋកិច្ចដោយបើកផ្លូវឱ្យវិស័យឯកជនកាន់តែទូលំទូលាយ និងទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ ព្រមទាំងបង្កើនសេរីភាពផ្នែកនយោបាយផងដែរ។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិកដោយប្រើប្រាស់យន្តហោះរដ្ឋាភិបាលចុះចតនៅគុយបានាពេលនេះ ត្រូវបានគេមើលឃើញថាជាព្រឹត្តិការណ៍ដ៏កម្របំផុតមួយ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ ២០១៦ កន្លងទៅ៕
