ប៉េកាំង — ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង (Xi Jinping) បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ទី២០ ឧសភា ឆ្នាំ២០២៦។ ជំនួបកំពូលនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីពិភាក្សាជាមួយមេដឹកនាំចិន ចំពេលដែលស្ថានភាពសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងមានភាពតានតឹងខ្លាំង។
លោក ពូទីន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនៅខាងក្រៅវិមានប្រជាជន (Great Hall of the People) ដោយមានការចូលរួមរំលែកការគួរសមពីសំណាក់លោក ស៊ី ជិនភីង មុនពេលមេដឹកនាំទាំងពីរឈានជើងចូលបន្ទប់ចរចា។
ប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានបទសំខាន់ៗដែលមេដឹកនាំទាំងពីរលើកយកមកជជែកដេញដោល រួមមាន៖
ទំនាក់ទំនងទ្វេភាគី និងពាណិជ្ជកម្ម រវាងចិន និងរុស្ស៊ី។
ស្ថានការណ៍សង្រ្គាមអាមេរិក-អ៊ីរ៉ង់ ដែលកំពុងជះឥទ្ធិពលដល់ស្ថិរភាពតំបន់ និងសកលលោក។
កិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការវិវត្តចុងក្រោយនៃជម្លោះនៅអ៊ុយក្រែន។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោក ពូទីន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុម ដែលរួមមានឧបនាយករដ្ឋមន្ត្រីចំនួន ៥ រូប រដ្ឋមន្ត្រីចំនួន ៨ រូប ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចល្បីៗជាច្រើនរូបទៀត។ មេដឹកនាំទាំងពីរក៏ត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្សេងៗទៀតផងដែរ៕
