Connect with us

Hi, what are you looking for?

ពិភពលោក

រដ្ឋអាជ្ញាកូរ៉េខាងត្បូង​ចាប់ខ្លួន​អតីត​រដ្ឋមន្រ្តីក្រសួងការពារជាតិ ជុំវិញការ​ប្រើប្រាស់ច្បាប់អាជ្ញាសឹក

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា រដ្ឋអាជ្ញាកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យបានចាប់ខ្លួនអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kim Yong-hyun ជុំវិញតួនាទីរបស់លោកនៅក្នុងការប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី យូន ស៊ុកយុល កាលពីសប្តាហ៍​មុន។

លោក Kim ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​តួអង្គ​កណ្តាល​ក្នុង​ការ​ប្រកាស​ច្បាប់អាជ្ញាសឹករយៈពេល​ខ្លី។ យោង​តាម​មន្ត្រី​យោធា​កំពូល​មួយ​រូប និង​សមាជិក​សភា​បក្ស​ប្រឆាំង​ដែល​បាន​ដាក់​ពាក្យដកដំណែងលោក យូន បានលើកឡើងថា លោក Kim បាន​ធ្វើ​សំណើ​នេះ​ទៅ​កាន់​លោក យូន។ លោក យូន បានរួចផុតពីការបោះឆ្នោតដកដំណែង ដែលជំរុញដោយការប៉ុនប៉ងរយៈពេលខ្លីរបស់ខ្លួនក្នុងការដាក់ច្បាប់អាជ្ញាសឹក ប៉ុន្តែមេដឹកនាំគណបក្សកាន់អំណាចអះអាងថា ប្រធានាធិបតីរូបនេះនឹងត្រូវចុះចេញពីតំណែង។ របាយការណ៍បាននិយាយថា ក្រុមស៊ើបអង្កេតពិសេសរបស់អយ្យការបានសាកសួរលោក Kim ដែលបានបង្ហាញខ្លួនដោយស្ម័គ្រចិត្តនៅការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូលនៅម៉ោងប្រហែល១ៈ៣០នាទីព្រឹកថ្ងៃអាទិត្យ។

គណបក្សប្រឆាំងចំនួនបី បានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការប្រឆាំងនឹងលោក យូន លោក Kim និងមេបញ្ជាការច្បាប់អាជ្ញាសឹក​ លោក Park An-su ដោយចោទប្រកាន់ពួកគេពីបទក្បត់ជាតិ។ លោក គីម ប្រឈមមុខនឹងការហាមឃាត់ការធ្វើដំណើរ ខណៈដែលព្រះរាជអាជ្ញាបាននិងកំពុងស៊ើបអង្កេត។ ប៉ូលិសជាតិ ក៏កំពុងស៊ើបអង្កេតការអះអាងអំពីការក្បត់ជាតិប្រឆាំងនឹងលោក យូន និងរដ្ឋមន្ត្រីកំពូលផងដែរ។ ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន បានធ្វើឱ្យកូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយគំរាមកំហែងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះ៕

អត្ថបទពាក់ព័ន្ធ