Connect with us

Hi, what are you looking for?

ពិភពលោក

ត្រាំ បញ្ជាឱ្យមន្ត្រីអាម៉េរិកដកខ្លួនចេញពីស្ថាប័នសិទ្ធិមនុស្ស អ.ស.ប.

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារ ទី៤ កុម្ភៈថា សហរដ្ឋអាម៉េរិកនឹងដកខ្លួនចេញពីស្ថាប័នសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិ (UNHRC) និងមិនបន្តផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិជួយជនភៀសខ្លួនប៉ាឡេស្ទីន ឬហៅកាត់ថា UNRWA ឡើយ។

ការប្រកាសរបស់ ត្រាំ កើតឡើងនៅថ្ងៃដែលលោកបានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ ខណៈអ៊ីស្រាអែលត្រូវបានចោទប្រកាន់ជាយូរមកហើយទាំងស្ថាប័នសិទ្ធិមនុស្ស និង UNRWA ពីភាពលម្អៀងប្រឆាំងនឹងខ្លួន។

បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ក៏អំពាវនាវឱ្យមានការពិនិត្យឡើងវិញនៃការចូលរួមរបស់ជនជាតិអាម៉េរិក នៅក្នុងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ មានមូលដ្ឋាននៅរដ្ឋធានីប៉ារីស ដែលត្រូវបានគេស្គាល់ថា UNESCO និងការពិនិត្យឡើងវិញលើការផ្ដល់មូលនិធិរបស់សហរដ្ឋអាម៉េរិក សម្រាប់អង្គការសហប្រជាជាតិ ក្រោមហេតុផលនៃភាពខុសគ្នាខ្លាំង ក្នុងកម្រិតនៃមូលនិធិលើចំណោមប្រទេសផ្សេងៗគ្នា។

សហរដ្ឋអាម៉េរិក ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក ចំណាយ២២ភាគរយនៃថវិកាប្រតិបត្តិការធម្មតារបស់អង្គការសហប្រជាជាតិ ខណៈប្រទេសចិនជាអ្នករួមចំណែកធំទីពីរ៕

អត្ថបទចាប់អារម្មណ៍ច្រើន