Connect with us

Hi, what are you looking for?

ពិភពលោក

ប្រធានាធិបតីអាមេរិច បន្តដំឡើងការយកពន្ធគយលើទំនិញនាំចូលពីចិនដល់ ១៤៥ភាគរយ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា បានដំឡើងការយកពន្ធគយពីទំនិញនាំចូលពីចិនដល់១៤៥ភាគរយ បន្ទាប់ពីចិនចាត់វិធានការ សងសឹកដោយយកពន្ធ ៨៤ភាគរយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។

កាលពីថ្ងៃពុធ លោក ត្រាំ បានប្រកាសយកពន្ធគយលើទំនិញនាំចូលពីចិន ១២៥ភាគរយ ដែលត្រូវបានលោកអះអាងថាធ្វើឡើងដើម្បីទប់ទល់នឹងឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយចិន និងជាការដាក់ពិន័យលើចិនដែលហ៊ានចាត់វិធា​នការសងសឹកពន្ធប្រឆាំងសហរដ្ឋអាមេរិក។ ខាងសេតវិមាន ក៏បានចេញមកបញ្ជាក់ផងដែរថាចិនបានប្រឈមនឹងអត្រាយកពន្ធអប្បបរមា ១៤៥ភាគរយ លើទំនិញទាំងអស់ដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក។ សេតវិមានបន្ថែមថាការយកពន្ធ ១២៥ភាគរយ ត្រូវបូកបន្ថែមពីលើពន្ធ២០ភាគរយដែលរដ្ឋបាលលោក ត្រាំ បានប្រកាសយកពន្ធពីចិន ដោយសារតែលោក ត្រាំ​បានចោទចិនថាបានបរាជ័យក្នុងការជួយទប់ស្កាត់ការនាំចូលថ្នាំញៀន fentanyl ទៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានប្រកាសផ្អាកការយកពន្ធគយទៅវិញទៅមកកម្រិតខ្ពស់លើប្រទេសច្រើនជាង៧០ រយៈពេល៩០ថ្ងៃ ដើម្បីបើកផ្លូវចរចា ហើយកំណត់យកពន្ធ ១០ភាគរយជាសកលលើគ្រប់ប្រទេស លើកតែចិនមួយចេញ៕

អត្ថបទពាក់ព័ន្ធ