Connect with us

Hi, what are you looking for?

ពិភពលោក

ឥណ្ឌាបើកការវាយប្រហារតាមអាកាសទៅលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរ

នៅថ្ងៃពុធ ទី៧ ខែឧសភា ឥណ្ឌាបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅជាច្រើនកន្លែងទាំងក្នុងទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន។ ទីក្រុងអ៉ីស្លាម៉ាបាដ បានចាត់ទុកថា ការវាយប្រហារនេះជាសកម្មភាពសង្រ្គាម ហើយប្រកាសថានឹងសងសឹកវិញ។

ជម្លោះទឹកដីរវាងឥណ្ឌា និងប៉ាគីស្ថាន បានកើតឡើងជិត៨០ឆ្នាំមកហើយជុំវិញការទាមទារគ្រប់គ្រងតំបន់កាស្មៀរ ហើយការវាយលុករបស់ឥណ្ឌានៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយពួកសកម្មប្រយុទ្ធ ដែលបានសម្លាប់អ្នកទេសចរហិណ្ឌូ២៦នាក់ នៅតំបន់កាស្មៀរ (គ្រប់គ្រងដោយឥណ្ឌា) កាលពីខែមុន។ ឥណ្ឌាអះអាងថា ពួកសកម្មប្រយុទ្ធមានមូលដ្ឋាននៅប៉ាគីស្ថាន គឺជាអ្នកទទួលខុសត្រូវ ប៉ុន្តែប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធ។

ប្រភពការពារជាតិឥណ្ឌា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កងកម្លាំងឥណ្ឌាបានវាយប្រហារទីស្នាក់ការកណ្តាលរបស់ក្រុមសកម្មប្រយុទ្ធឥស្លាម ចៃស៍ មហាម៉ាត់ (ភាសាអ៊ូឌូ៖ جیش محمد) និង ឡាស្ការ តៃបា (ភាសាអ៊ូឌូ៖ لشکر طیبہ)។ សេចក្តីថ្លែងការណ៍មួយពីប្រទេសឥណ្ឌាបញ្ជាក់ថា ឥណ្ឌាបានបង្ហាញពីការអត់ធ្មត់យ៉ាងខ្លាំងក្នុងការជ្រើសរើសគោលដៅ និងវិធីសាស្ដ្រនៃការវាយប្រហារ។ ទូរទស្សន៍ឥណ្ឌា CNN News-18 បានរាយការណ៍ថា ការវាយប្រហាររបស់ឥណ្ឌា បានសម្លាប់ភេរវករចំនួន១២នាក់ និងរបួសយ៉ាងតិច៥៥នាក់។

នៅចំពោះមុខការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមរវាងប្រទេសទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ ខាងក្រោមនេះ គឺជាការប្រៀបធៀបកម្លាំងយោធារវាងឥណ្ឌា និងប៉ាគីស្ថាន៖

ចំនួនកងទ័ព

ឥណ្ឌាមានកងទ័ពសកម្មសរុប ១.៤លាននាក់ ក្នុងនោះមាន ១ ២៣៧ ០០០នាក់ជាកងទ័ពជើងគោក ៧៥ ៥០០នាក់ជាកងទ័ពជើងទឹក និង១៤៩ ៩០០នាក់ជាកងទ័ពអាកាស ព្រមទាំង ១៣ ៣៥០នាក់ ជាកងកម្លាំងឆ្មាំសមុទ្រ។

ប៉ាគីស្ថានមានកងទ័ពសកម្មក្រោម ៧០០ ០០០នាក់ ក្នុងនោះមាន ៥៦០ ០០០នាក់ជាកងទ័ពជើងគោក ៧០ ០០០នាក់ជាកងទ័ពអាកាស និង ៣០ ០០០នាក់ជាកងទ័ពជើងទឹក។

កាំភ្លើងធំ និងរថក្រោះ

ឃ្លាំងអាវុធរបស់ឥណ្ឌា ក្នុងមាន កាំភ្លើងធំ ៩៧៤៣គ្រឿង រីឯប៉ាគីស្ថានមានកាំភ្លើងធំ ៤ ៦១៩គ្រឿង។ ឥណ្ឌាមានរថក្រោះប្រយុទ្ធ ៣៧៤០គ្រឿង ធៀបទៅនឹងប៉ាគីស្ថានមាន ២៥៣៧គ្រឿង។

យន្ដហោះចម្បាំង

ខណៈឥណ្ឌាមានយន្ដហោះចម្បាំងមានសមត្ថភាពប្រយុទ្ធ ៧៣០គ្រឿង ប៉ាគីស្ថានមាន៤៥២គ្រឿង។

នាវាចម្បាំង

កងទ័ពជើងទឹកឥណ្ឌាមាននាវាមុជទឹក១៦គ្រឿង នាវាពិឃាដ ១១គ្រឿង នាវាចម្បាំង ១៦គ្រឿង និងនាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿង។ ចំណែក កងទ័ពជើងទឹកប៉ាគីស្ថានមាននាវាមុជទឹក៨គ្រឿង និងនាវាចម្បាំង ១០គ្រឿង។

ឃ្លាំងអាវុធនុយក្លេអ៊ែរ

ឥណ្ឌាមានក្បាលគ្រាប់នុយក្លេអ៊ែរ ១៧២គ្រាប់ និងប៉ាគីស្ថានមាន ១៧០គ្រាប់៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

ប្រធានាធិបតីអាមេរិក លោក ...

ពិភពលោក

មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភ...