Connect with us

Hi, what are you looking for?

ពិភពលោក

លោក ត្រាំ ប្រាប់ឥណ្ឌា និងប៉ាគីស្ថាន បញ្ចប់ការប្រយុទ្ធគ្នា

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ ដោយសង្ឃឹមថា ការប៉ះទង្គិចគ្នា រវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន នឹងបញ្ចប់ យ៉ាងឆាប់រហ័ស ពោលគឺបន្ទាប់ពីកងកម្លាំង របស់ទីក្រុង New Delhi បានបើកការវាយប្រហារ ហើយទីក្រុង Islamabad បានប្តេជ្ញា សងសឹក។

លោក Trump បាននិយាយ នៅឯសេតវិមានថា «វាជាការអាម៉ាស់មួយ យើងទើបតែបានលឺអំពីដំណឹងនេះ» ពោលគឺ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បាននិយាយថា ខ្លួនបានវាយប្រហារ “ជំរុំភេរវករ” នៅលើទឹកដីរបស់អ្នកជិតខាង ភាគខាងលិច បន្ទាប់ពីការវាយប្រហារដ៏សាហាវ ទៅលើអ្នកទេសចរ នៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ស្លាប់មនុស្ស២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា។

លោក Trump បានបន្ថែមថា «ខ្ញុំគិតថា មនុស្សបានដឹងថា បើផ្អែកលើអតីតកាល…ពួកគេបានប្រយុទ្ធ អស់រយៈពេលជាច្រើនទសវត្សរ៍ និងជាច្រើនសតវត្ស មកហើយ…ខ្ញុំគ្រាន់តែសង្ឃឹមថា វានឹងបញ្ចប់ យ៉ាងឆាប់រហ័ស»។

ឥណ្ឌា និង ប៉ាគីស្ថាន បានប្រយុទ្ធគ្នាពេញលក្ខណៈ បីដង ចាប់តាំងពីទទួលបានឯករាជ្យ ពីអង់គ្លេស ក្នុងឆ្នាំ១៩៤៧។ ប្រទេសទាំងពីរទាមទារតំបន់កាស្មៀរ ទាំងស្រុង ប៉ុន្តែ គ្រប់គ្រងផ្នែក ដាច់ដោយឡែក នៃតំបន់ជម្លោះ មួយនេះ។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃពុធនេះ ឥណ្ឌាបានវាយប្រហារតាមអាកាស លើប៉ាគីស្ថាន សម្លាប់មនុស្ស៨នាក់ ហើយប៉ាគីស្ថានថា នឹងសងសឹកវិញ៕

អត្ថបទពាក់ព័ន្ធ