យោធានៃប្រទេសប៉ាគីស្ថានបានអះអាងថា ឥណ្ឌាបានបំផ្លាញរោងចក្រវារីអគ្គីសនី នៅតំបន់ Kashmir ដែលមានជម្លោះ រវាងប្រទេសក្បែរខាង ទាំងពីរ។
យោធាប៉ាគីស្ថាន បាននិយាយថា រោងចក្រវារីអគ្គីសនីមួយកន្លែង នៅព្រំដែន Kashmir ស្ថិតក្នុងតំបន់គ្រប់គ្រងដោយប៉ាគីស្ថាន ត្រូវបានខូចខាត នៅក្នុងការវាយប្រហារ កាលពីព្រឹកព្រលឹមថ្ងៃពុធ បង្កឡើង ដោយប្រទេសឥណ្ឌា។
អ្នកនាំពាក្យយោធា លោក Ahmed Sharif Chaudhry បាននិយាយថា «ឥណ្ឌាក៏បានកំណត់គោលដៅ គម្រោងវារីអគ្គីសនី Neelum Jhelum» ដោយបន្ថែមថា ការវាយប្រហារនេះ បានធ្វើឱ្យខូចខាតផ្នែកខ្លះ នៃរចនាសម្ព័ន្ធ របស់ទំនប់។
អ្នកនាំពាក្យ រូបនេះ បានចោទសួរ «តើបទដ្ឋានអន្តរជាតិ និងច្បាប់សង្រ្គាម និងទំនៀមទម្លាប់អ្វីខ្លះ ដែលអនុញ្ញាត ឲ្យមានការកំណត់គោលដៅ លើទីតាំងបម្រុងទឹក ទំនប់ និងរចនាសម្ព័ន្ធថាមពលវារីអគ្គិសនី នៃប្រទេស មួយផ្សេងទៀត?»
ប្រធានអាជ្ញាធរអភិវឌ្ឍន៍ទឹក និងថាមពល ប៉ាគីស្ថាន បានអះអាងថា គម្រោងវារីអគ្គិសនី Neelum Jhelum គឺ “មានសុវត្ថិភាពទាំងស្រុង” ទោះបីជា “រងការខូចខាតបន្តិចបន្តួច” បន្ទាប់ពីការវាយប្រហារ ដោយប្រទេសឥណ្ឌា ក៏ដោយ៕
